(ប៉េកាំ)៖ ចិនបាននិយាយថា ខ្លួនជំរុញឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់វិបត្តិអ៊ុយក្រែន បើទោះបីជាមានការព្រមានពីសហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំងអាចពិចារណាការផ្គត់ផ្គង់អាវុធដល់សម្ព័ន្ធមិត្តរបស់ខ្លួនគឺរុស្ស៊ីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនបានរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីនៃវិបត្តិ រួមទាំងទីក្រុងកៀវ ហើយជំហររបស់ខ្លួនគឺច្បាស់លាស់។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning នៅថ្ងៃចន្ទនេះបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា «ខ្លឹមសារសំខាន់គឺការអំពាវនាវដើម្បីស្វែងរកសន្តិភាព លើកកម្ពស់ការសន្ទនា និងលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះវិបត្តិ (អ៊ុយក្រែន)នេះ»

គួរបញ្ជាក់ថា ចិនដែលបានប្រកាសសម្ព័ន្ធភាព «គ្មានព្រំដែន» ជាមួយរុស្ស៊ីមិនយូរប៉ុន្មាន មុនពេលការលុកលុយកាលពីមួយឆ្នាំមុន បានបដិសេធមិនថ្កោលទោសការវាយប្រហារនេះ ហើយកាលពីសប្តាហ៍មុនបានចេញផ្សាយផែនការ ១២ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ និងការបន្ថយបន្តិចម្តងៗដោយភាគីទាំងពីរ។

ក្រុងកៀវបាន​ឆ្លើយតបដោយ​ទទួល​យក​ទិដ្ឋភាព​មួយ​ចំនួន ​នៃ​ផែនការ ​ខណៈ​ដែល​បាន​សង្កត់​ធ្ងន់​ថា ​គ្មាន​សន្តិភាព​ទេ​ បើ​គ្មាន​ការ​ដក​ខ្លួន​ទាំងស្រុង​របស់​រុស្ស៊ី​។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅក្នុងការបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram នៅថ្ងៃចន្ទនេះថា «ខ្ញុំពិតជាចង់ឱ្យមានជ័យជម្នះកើតឡើងនៅឆ្នាំនេះ។ ហើយសម្រាប់រឿងនេះ យើងមានអ្វីគ្រប់យ៉ាង ការលើកទឹកចិត្ត ទំនុកចិត្ត មិត្តភក្តិ និងការទូត»៕