(រ៉ូម)៖ មន្ត្រីអ៊ីតាលីម្នាក់បាននិយាយឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់នៅជិតឆ្នេរអ៊ីតាលីភាគខាងត្បូងប្រទេសអ៊ីតាលីបានកើនឡើងដល់ ៦១នាក់ នៅពេលដែលការស្រាវជ្រាវនៅបន្តរកអ្នកបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីបានអះអាងថា នៅលើទូកដែលជួបគ្រោះថ្នាក់នោះ រួមមានជនអន្តោប្រវេសន៍មកពីអ៉ីរ៉ង់ ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានជាដើម សរុបជាង១០០នាក់ ហើយវាបានបោកខ្ទប់នឹងថ្ម កំលុងស្ថានភាពអាកាសធាតុអាក្រក់លើផ្ទៃសមុទ្រ។
លោកស្រី Manuela Caura ដែលជាមន្ត្រីរដ្ឋាភិបាលខេត្តបាននិយាយថា មកដល់ពេលនេះមនុស្សសរុបចំនួន ៦១នាក់ត្រូវបានគេរកឃើញថាបានស្លាប់ ខណៈដែល ៨០នាក់ត្រូវបានជួយសង្គ្រោះ។
លោកស្រីបានបន្ថែមថា ផ្អែកលើរបាយការណ៍របស់អ្នកនៅរស់អាជ្ញាធរជឿជាក់ថា មានមនុស្សប្រមាណពី ១៨០នាក់ដល់ ២០០នាក់បានឡើងជិះលើទូកដែលបានជួបឧទ្ទវហេតុនេះ។
គួរបញ្ជាក់ អ៉ីតាលីគឺជាគោលដៅចូលចតចម្បងសម្រាប់ជនអន្តោប្រវេសន៍ ដែលព្យាយាមភៀសខ្លួនចូលមកក្នុងតំបន់អឺរ៉ុប តាមផ្លូវសមុទ្រ។ ផ្លូវធ្វើដំណើរដែលគេហៅថា ផ្លូវមេឌីទែរ៉ាណេភាគកណ្តាល គឺជាផ្លូវធ្វើដំណើរដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក។ គិតចាប់តាំងពីឆ្នាំ២០១៤មក មនុស្សចំនួន២០,៣៣៣នាក់ បានបាត់បង់ជីវិតឬបាត់់ខ្លួន នៅភាគកណ្តាលសមុទ្រមេឌីទែរ៉ាណេ៕