(ប៉េកាំង)៖ ចិនបានចេញមុខមុខចោទប្រកាន់សហរដ្ឋអាមេរិកភ្លាមៗថា បានបង្កគ្រោះថ្នាក់ចំពោះសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីយន្តហោះឈ្លបការណ៍​និងល្បាតដែនសមុទ្រធុន P-8A មួយគ្រឿងរបស់យោធាអាមេរិក បានធ្វើដំណើរកាត់ពីលើដែនទឹក ដែលខណ្ឌចែកចិនដីគោកហើយនិងកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីក្រុងប៉េកាំងជារឿយៗត្រូវបានធ្វើឱ្យក្តៅស្លឹកត្រចៀក ដោយសារតែបេសកកម្មយោធារបស់សហរដ្ឋអាមេរិក ដែលធ្វើដំណើរកាត់តាមច្រកសមុទ្រតូចមួយនេះ។ ភាគច្រើនទីក្រុងវ៉ាស៉ីនតោនបានបញ្ជូននាវាចម្បាំង ខណៈម្តងម្កាលបានបញ្ជូនយន្តហោះយោធា។ ចិនអះអាងថា ខ្លួនមានសិទ្ធិអធិបតេយ្យនិង​យុត្តាធិការ​លើច្រកសមុទ្រតៃវ៉ាន់ ដ្បិតកោះតៃវ៉ាន់ផ្ទាល់ត្រូវបានចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។ ក៏ប៉ុន្តែតៃវ៉ាន់និងអាមេរិកបានអះអាងប្រឆាំងវិញថា វាគឺជាផ្លូវទឹក​អន្តរជាតិ។

ពាក់ព័ន្ធនឹងការចល័តយន្តហោះយោធាអាមេរិក នាថ្ងៃចន្ទនេះវិញ បញ្ជាការដ្ឋានយោធាភូមិភាគខាងកើតរបស់ចិន បានសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «សកម្មភាពរបស់ភាគីអាមេរិក គឺជាការចូលលូកលាន់និងបង្កការរំខានដោយចេតនា ចំពោះស្ថានការណ៍ក្នុងតំបន់ ហើយបង្កគ្រោះថ្នាក់ចំពោះសន្តិភាព​និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ យើងជំទាស់យ៉ាងម៉ឹងម៉ាត់ចំពោះទង្វើបែបនេះ»។ យោធាអាមេរិកធ្លាប់បាននិយាយថា បេសកកម្មបែបនេះគឺដើម្បីបង្ហាញ​ពីការប្តេជ្ញាយ៉ាងមុតមាំរបស់ខ្លួន ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក​ដែលសេរីនិងបើកចំហ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនគឺជាខ្នងបង្អែកដ៏សំខាន់បំផុតរបស់ទីក្រុងតៃប៉ិ នៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំផងដែរ បើទោះបីជាភាគី​ទាំងពីរ ពុំមានទំនាក់ទំនងការទូតផ្លូវការរវាងគ្នាក៏ដោយ។ ការគាំទ្ររបស់អាមេរិកចំពោះតៃវ៉ាន់នេះហើយ គឺជាមូលហេតុចម្បងមួយ នៃភាពមិនចុះសម្រុងគ្នា​នៅក្នុងទំនាក់ទំនងអាមេរិក-ចិន៕