(ប៉េកាំង)៖ ប្រទេសគឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស។ ពាក្យ "ប្រជាជន" មានសារៈសំខាន់នៅក្នុងក្រអៅបេះដូងរបស់លោកប្រធាន Xi Jinping ។

នៅស្រុក Chengguan ក្រុង Lanzhou ខេត្ត Gansu មនុស្សជាច្រើននៅតែចងចាំទិដ្ឋភាពរបស់លោក Xi Jinping លើកម្ហូបជូនមនុស្សចាស់កាលពី១០ឆ្នាំមុន។ កាលនោះនៅខែកុម្ភៈ ឆ្នាំ ២០១៣ លោក Xi Jinping បានមកភោជនីយដ្ឋានសម្រាប់មនុស្សចាស់ក្នុងស្រុក។ លុះចូលដល់ភ្លាមក៏សួរសុខទុក្ខចាស់ៗទាំងញញឹមហើយសួរថា៖ បាយមួយពេលថ្លៃប៉ុន្មាន? ដល់ពេលថ្ងៃត្រង់ ភោជនីយដ្ឋានបានរៀបចំអាហារក្តៅៗសម្រាប់មនុស្សចាស់។ លោក Xi Jinping បាននិយាយថា៖ “ខ្ញុំសូមជួយលើកម្ហូបមួយចានជូនចាស់ៗដែរ” គាត់បានលើកចាននោះ ដើរទៅរកមនុស្សចាស់ម្នាក់ ហើយលើកជូនដោយដៃទាំងពីរ៖ “សូមអញ្ជើញពិសារ” ។ មនុស្សចាស់ស្រឡាំងកាំង និយាយស្ដីមិនចេញ ហើយក៏សើចយ៉ាងសប្បាយចិត្ត។

"គាត់ហូបតែអាហារធម្មតាៗ មិនដែលហូបច្រើនឡើយ" អតីតសហសការីម្នាក់បានរំលឹកពីបទពិសោធន៍របស់គាត់ដែលបានចុះទៅជនបទជាមួយលោក Xi Jinping ដើម្បីធ្វើការងារសិក្សាស្រាវជ្រាវ។ នៅខែមេសា ឆ្នាំ ២០០២ លោក Xi Jinping ជាអភិបាលខេត្ត Fujian ពេលនោះ លោកបានទៅស្រុក Shouning ដើម្បីត្រួតពិនិត្យការងារ ប្រជាជនក្នុងតំបន់ចង់ទទួលអភិបាលខេត្តឱ្យបានល្អ ហើយចង់ធ្វើអាហារពេលល្ងាចកាន់តែសម្បូរបែប។ ពេលដឹងរឿងនេះហើយ លោក Xi Jinping បាននិយាយថា ហូបបាយធម្មតាបានហើយ។ នៅពេលអាហារពេលល្ងាច ប្រជាជននៅក្នុងស្រុកបានសុំទោស៖ "លោកអភិបាលខេត្ត សូមអភ័យទោសផង មិនមានម្ហូបអីឆ្ងាញ់ៗទេ មានតែម្ហូបធម្មតាក្នុងស្រុក។ លោក Xi Jinping បានឆ្លើយថា៖ សាមញ្ញៗបានហើយ! ដំឡូងឆាមីសួក្នុងស្រុក Shouning ឆ្ងាញ់ណាស់!

សម្រាប់លោក Xi Jinping វាជាទម្លាប់យូរមកហើយ នៅពេលចុះទៅជនបទ ដើម្បីស្រាវជ្រាវនិងពិនិត្យការងារ លោកតែងតែទទួលទានអាហារសាមញ្ញបំផុត និងផ្តោតពេលវេលា និងថាមពលលើការងារ។

តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០២២ក្នុងរយៈពេល ១០ឆ្នាំដ៏វិសេសវិសាលនេះ លោក Xi Jinping បានធ្វើដំណើរទូទាំងប្រទេស និងយកចិត្តទុកដាក់ដល់គ្រួសាររាប់ពាន់រាប់លានគ្រួសារ។ ពាក្យសួរសុខទុក្ខមួយឃ្លាៗ ពាក្យពេចន៍ផ្ដែផ្ដាំមួយឃ្លាៗ គឺពោរពេញដោយក្តីកង្វល់ របស់លោកប្រធានXi Jinping ដើម្បីសេចក្តីសុខនិងជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាជន។ នៅជាមួយប្រជាជនគិតគូរនៅជាមួយប្រជាជន និងធ្វើការជាមួយប្រជាជន!ក្នុងគំនិតរបស់លោក Xi Jinping ការធ្វើឱ្យប្រជាជនរស់នៅមានសុភមង្គលគឺជា «កិច្ចការដ៏ធំបំផុតរបស់ប្រទេសជាតិ»

វិទ្យុមិត្តភាពកម្ពុជាចិន