(ប៉េកាំង)៖ បងប្អូនទាំងអស់គ្នា នៅប្រទេសចិន មាន "សៀវភៅចំណេះដឹងស្តីពីកសិកម្មបុរាណ" ក្រោមចំណងជើងថា "Qi Min Yao Shu" ដែលជាស្នាដៃសៀវភៅកសិកម្មបុរាណបំផុតមួយនិងបានរក្សាទុកយ៉ាងល្អពេញលេញ តើក្នុងសៀវភៅបុរាណនេះមានបង្កប់តម្រិះប្រាជ្ញាចិនណាខ្លះ? សូមជម្រាបជូនលោកអ្នកដូចខាងក្រោម៖

សៀវភៅនេះបានបូកសរុបជាប្រព័ន្ធនូវបទពិសោធរបស់ ជនជាតិចិនបុរាណក្នុងការផលិតកសិកម្ម និងគង្វាលសត្វ ការកែច្នៃនិងស្តុកអាហារ ការប្រើប្រាស់រុក្ខជាតិព្រៃ និងវិធីសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ហើយណែនាំយ៉ាងលម្អិតអំពីទំនាក់ទំនងរវាងរដូវកាល អាកាសធាតុ និងដីផ្សេងៗគ្នា ជាមួយនិងដំណាំផ្សេងៗ។ វាមិនត្រឹមតែជាសៀវភៅអាហារឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសៀវភៅណែនាំសម្រាប់ឆ្ពោះទៅរកជីវភាពធូរធារផងដែរ ។ វាបង្រៀនមនុស្សពីរបៀបបិតស្រា ធ្វើសាច់ក្រក ចិញ្ចឹមត្រី និងវិធីផ្សាំដើមឈើ ទើបទទួលបានផ្លែឈើកាន់តែធំនិងផ្អែម ក្នុងសៀវភៅនេះបានកត់ត្រាពីអាហារ និងបន្លែជិត ៣ រយមុខ អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលបានកត់ត្រាក្នុងសៀវភៅនេះគឺនៅកាលពីជាង១៤០០ឆ្នាំមុន ជនជាតិចិនបុរាណបានចេះហូបពងមាន់ចៀនហើយ។

សៀវភៅ "Qimin Yaoshu" គឺជាមោទនភាពនៃវប្បធម៌ចិន និងជាទ្រព្យដ៏មានតម្លៃនៃវប្បធម៌ពិភពលោកដែរ។ក្នុងសម័យរជ្ជកាលថាង សៀវភៅនេះត្រូវបានផ្សព្វផ្សាយទៅដល់ប្រទេសជប៉ុន ឧបទ្វីបកូរ៉េ រហូតទៅដល់ទ្វីបអឺរ៉ុប ព្រមនិងត្រូវបានបកប្រែជាច្រើនភាសាផងដែរ ។
អរិយធម៌កសិកម្មរបស់ចិនមានប្រវត្តិយូរលង់ ដូនតាយើងបានចិញ្ចឹមជីវិតដោយគ្រាប់ធុញ្ញជាតិ។ រហូតដល់ពេលនេះ យើងនៅតែប្រើប្រាស់បច្ចេកទេសដាំដុះដែលបន្សល់ទុកដោយបុព្វបុរសរបស់យើង ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងការអភិវឌ្ឍនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អវកាសយានិកចិនបាននាំយកគ្រាប់ពូជបន្លែទៅកាន់ស្ថានីយអវកាស ហើយនៅពេលអនាគត យើងក៏អាចបរិភោគបន្លែស្រស់ៗបានទោះជានៅក្នុងលំហអវកាសក៏ដោយ ៕

វិទ្យុមិត្តភាពកម្ពុជាចិន