(តូក្យូ)៖ មន្រ្តីនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនបាននិយាយថា ចាប់ពីថ្ងៃពុធ ទី១ ខែមីនា តទៅ ប្រទេសជប៉ុននឹងបន្ធូរបន្ថយការរឹតបន្តឹង លើអ្នកធ្វើដំណើរមកពីប្រទេសចិន ដោយទម្លាក់លក្ខខណ្ឌតម្រូវឲ្យមនុស្សគ្រប់គ្នាធ្វើតេស្តរកកូវីដ១៩ នៅពេលមកដល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សូ ម៉ាតស៊ូណូ (Hirokazu Matsuno) បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា ជំនួសឲ្យការធ្វើតេស្តដែលគ្រប់ដណ្តប់លើអ្នកដំណើរទាំងអស់មកពីប្រទេសចិន ជប៉ុនផ្លាស់ប្តូរមកវិញដោយនឹងតម្រូវឲ្យធ្វើតេស្តតែលើ អ្នកដែលបានជ្រើសរើសប៉ុណ្ណោះ ខណៈអ្នកដំណើរនឹងនៅតែត្រូវបង្ហាញ ការធ្វើតេស្តអវិជ្ជមានមុនពេលឡើងយន្តហោះ ទៅកាន់ប្រទេសជប៉ុន។ លោក ម៉ាស៊ូណូ បានគូសបញ្ជាក់ថា «ការសម្រេចនេះ មានគោលបំណងគាំទ្រដល់ការធ្វើដំណើរអន្តរជាតិប្រព្រឹត្តទៅដោយរលូន តែផ្តល់នូវអត្រាទាបនៃលទ្ធផលតេស្តវិជ្ជមាន ក្នុងចំណោមអ្នកចូលមកក្នុងប្រទេសជប៉ុន»

លោក ម៉ាតស៊ូណូ បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ក៏នឹងត្រូវបានអនុញ្ញាតឲ្យដំណើរការជើងហោះហើរត្រង់ ពីប្រទេសចិនទៅកាន់អាកាសយានដ្ឋានជប៉ុនជាច្រើនទៀតផងដែរ។ បច្ចុប្បន្ននេះ ការហោះហើរត្រង់ពីប្រទេសចិន អាចចុះចតបានតែនៅអាកាសយានដ្ឋានណារីតា (Narita) ហាណេដា (Haneda) កានសៃ (Kansai) និងឈូប៊ូ (Chubu) ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ជប៉ុន និងកូរ៉េខាងត្បូង បានដាក់ការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងលើអ្នកដំណើរមកពីប្រទេសចិន បន្ទាប់ពីករណីជំងឺកូវីដ១៩ បានកើនឡើងនៅទីនោះ ក្រោយពេលចិនបានលុបចោលគោលនយោបាយសូន្យ-កូវីដ១៩ ទាំងស្រុងកាលពីចុងឆ្នាំ២០២២។ កូរ៉េខាងត្បូងទើបនឹងបានបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនរបស់ខ្លួន ចំពោះភ្ញៀវមកពីប្រទេសចិន កាលពីដើមខែកុម្ភៈនេះ៕