(វែលីងតោន)៖ នូវែលសេឡង់ នឹងចាប់ផ្តើមការអំពាវនាវដើម្បីរៃអង្គាសថវិកាពីអន្តរជាតិសម្រាប់តម្រូវការស្តារឡើងវិញដ៏ធំ បន្ទាប់ពីព្យុះស៊ីក្លូនហ្គាប្រ៊ីល (Gabrielle) បានបោកបក់លើភាគខាងជើងប្រទេសកាលពីដើមខែកុម្ភៈនេះ ដោយបង្ខំឲ្យជម្លៀសមនុស្សរាប់ពាន់នាក់ និងសម្លាប់មនុស្សចំនួន ១១នាក់។ នេះបើយោងតាមករចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) បាននិយាយថា មូលនិធិនេះគឺសម្រាប់គម្រោងស្តារឡើងវិញ រយៈពេលវែង និងស្នើចំពោះជនបរទេសដែលមានទ្រព្យសម្បត្តិ អាជីវកម្ម ឬបុគ្គលណាដែលចង់ចូលរួមជួយប្រទេសនូវែលសេឡង់ ខណៈក្រុមហ៊ុនហ្វេសប៊ុក Meta ត្រូវបានស្នើសុំឲ្យជួយផ្សព្វផ្សាយនូវការអំពាវនាវនេះ។ ការអំពាវនាវនេះនឹងយកគំរូតាមការរៃអង្គាសប្រាក់សម្រាប់គ្រោះរញ្ជួយដីឆ្នាំ២០១១ នៅឯតំបន់ក្រាយឆឺច (Christchurch) របស់ប្រទេសនូវែលសេឡង់ ដែលប្រមូលបានថវិការជាង ៩៤លានដុល្លារនូវែលសេឡង់ ឬស្មើនឹង ៥៧.៩៤លានដុល្លារអាមេរិក។

ក្នុងសន្និសីទសារព័ត៌មានដែលប្រកាសពីគំនិតផ្តួចផ្តើមនេះ លោក ហ៉ីបគីន បានគូសបញ្ជាក់ថា «រឿងមួយដែលយើងដឹងពីព្រឹត្ដិការណ៍កន្លងមកនោះគឺថា មានប្រជាជននៅបរទេសខ្លះដែលមានទំនាក់ទំនងល្អជាមួយនូវែលសេឡង់ ចង់ចូលរួមចំណែកក្នុងកិច្ចការនេះ។ រដ្ឋាភិបាលកំពុងពិចារណារកគ្រប់វិធីទាំងអស់ ដើម្បីធ្វើការកសាងឡើងវិញ ដែលត្រូវបានព្យាករថាអាចនឹងមានតម្លៃប្រហាក់ប្រហែលនឹងចំនួន ១៣.៥ពាន់លានដុល្លារនូវែលសេឡង់ ឬស្មើនឹង ៨.៤២លានដុល្លារអាមេរិក ដែលបានចំណាយបន្ទាប់ពីការរញ្ជួយដីនៅ Christchurch»

គួរបញ្ជាក់ថា ព្យុះស៉ីក្លូនហ្គាប្រ៊ីល ដែលបានវាយប្រហារលើប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅនេះ បាននាំឲ្យមានការប្រកាសអាសន្នថ្នាក់ជាតិជាលើកទី៣ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ហើយនឹងបន្តសម្រាប់តំបន់ដែលរងគ្រោះដោយព្យុះនេះ៕