(អង់ការ៉ា)៖ នៅថ្ងៃចន្ទនេះ តួកគីបាននិយាយថា កិច្ចពិភាក្សាស្តីពីសមាជិកភាពអង្គការណាតូ (NATO) ជាមួយស៊ុយអែតនិងហ្វាំងឡង់ នឹងត្រូវចាប់ផ្តើមឡើងវិញនៅខែក្រោយ បន្ទាប់ពីត្រូវបានផ្អាកកាលពីខែមករា ដោយសារតែបញ្ហាជម្លោះទាក់ទងនឹងការធ្វើបាតុកម្មដុតគម្ពីរគួរអាន នៅទីក្រុងស្តុកខុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសតួកគី លោក មេវលូត កាវូសូហ្គ្លូ (Mevlut Cavusoglu) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងរដ្ឋធានីអង់ការ៉ាយ៉ាងដូច្នេះថា «កិច្ចពិភាក្សានឹងបន្តឡើងវិញនៅថ្ងៃទី៩ ខែមីនា»។ ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ ចាំបាច់ត្រូវទទួលបានការផ្តល់សច្ចាប័នពីសំណាក់សមាជិកទាំងអស់​របស់សម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ ខណៈតួកគីក៏ជាសមាជិកមួយដែរ។

យ៉ាងណាមិញ ទីក្រុងអង់ការ៉ាមានការខឹងសម្បារជាខ្លាំង ដោយសារតែការធ្វើបាតុកម្ម កាលពីខែមករា ដែលកំលុងពេលនោះ រួមមានទាំងការដុតគម្ពីរគួរអាន របស់សាសនាអ៉ីស្លាម នៅក្បែរស្ថានទូតតួកគីប្រចាំនៅ​ទីក្រុងស្តុកខុល របស់ស៊ុយអែតថែមទៀតផង។ ប្រធានាធិបតីតួកគី លោក រេស៉ីប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានព្រមានស៊ុយអែតថា លោកនឹងមិនផ្តល់ការគាំទ្រចំពោះពាក្យស្នើសុំរបស់ស៊ុយអែត ក្នុងការចូលជាសមាជិក NATO ឡើយ។

គួរបញ្ជាក់ថា បើតាមលោក កាវូសូហ្គ្លូ កិច្ចពិភាក្សាត្រីភាគីលើកទី៣ ស្តីពីសមាជិកភាព NATO នឹងរៀបចំឡើងនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក។ លោករដ្ឋមន្រ្តីការបរទេសតួកគី បានឱ្យតំរុយថា ទីក្រុងអង់ការ៉ាបានពិនិត្យដោយភាពកក់ក្តៅជាង ទៅលើពាក្យស្នើសុំរបស់ហ្វាំងឡង់ ធៀបនឹងពាក្យស្នើសុំ​របស់ស៊ុយអែត៕