(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ជប៉ុននឹងទិញមីស៉ីលគ្រូស ថូម៉ាហាក (Tomahawk) ចំនួន៤០០គ្រាប់ពីសហរដ្ឋអាមេរិក ខណៈរដ្ឋាភិបាលរបស់លោក កំពុងព្យាយាមពង្រឹងវិស័យការពារជាតិរបស់ប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងប្រាប់គណៈកម្មាធិការទទួលបន្ទុកកញ្ចប់ថវិកានៃសភាជាន់ទាប លោកនាយករដ្ឋមន្រ្តីជប៉ុន បាននិយាយដូច្នេះថា «ផែនការរបស់ប្រទេសយើងគឺទិញមីស៉ីលគ្រូស Tomahawk សរុបចំនួន៤០០គ្រាប់»។ លោក គីស៉ីដា មិនបានបកស្រាយលម្អិតអ្វីជាងនេះទៀតឡើយ ក្រោមហេតុផលថាវាគឺជារឿង​រសើបពាក់ព័ន្ធនឹងវិស័យការពារជាតិ។

ក្នុងខែកុម្ភៈនេះ រដ្ឋមន្រ្តីការពារជាតិជប៉ុនបាននិយាយថា ទីក្រុងតូក្យូបានត្រៀមថវិកាចំនួន២១១.៣ពាន់លានយេន ស្មើនឹង១.៥ពាន់លានដុល្លារអាមេរិក ដើម្បីទិញមីស៉ីល Tomahawk ក្នុងចំនួនច្រើន នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ជាជាងបែកចែងការទិញទៅជាលក្ខណៈដំណាលកាល ក្នុងចន្លោះពេលច្រើនឆ្នាំ។

គួរបញ្ជាក់ថា រដ្ឋាភិបាលលោក គីស៉ីដា មានបំណងចង់ពង្រីកសមត្ថភាពវិស័យការពារជាតិជប៉ុន ឱ្យកាន់តែរឹងមាំក្នុងពេលឆាប់រហ័ស នៅចំពោះមុខការកើន​ឡើង នៃអំណាចយោធារបស់ចិន ក៏ដូចជាការរីកចម្រើននៃកម្មវិធីមីស៉ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕