(ហាណូយ)៖ សភានៃប្រទេសវៀតណាមត្រូវគេរំពឹងថា នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយនៅក្នុងសប្តាហ៍នេះ ដើម្បីបោះឆ្នោតតែងតាំងប្រធានាធិបតីថ្មី ចំពោះមុខការរុះរើថ្នាក់ដឹកនាំនៅក្នុងប្រទេសអាស៊ានមួយនេះ ដែលជំរុញដោយយុទ្ធនាការបោសសំអាតអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពពីក្រុមមន្រ្តីនិងអ្នកការទូតវៀតណាមបាននិយាយថា តំណែងប្រធានាធិបតីថ្មី ទំនងជានឹងបានទៅលើលោក វ៉ូ វ៉ាន់ធួង (Vo Van Thuong) អាយុ៥២ឆ្នាំ ដែលបច្ចុប្បន្នគឺជាសមាជិកមានវ័យក្មេងជាងគេបំផុត នៅក្នុងការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្តវៀតណាម។ លោក ធួង ក៏ត្រូវគេមើលឃើញថា ជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម គឺលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ដែលជាអ្នកនយោបាយមានឥទ្ធិពលបំផុត នៅក្នុងប្រទេសវៀតណាមផងដែរ។

គួរបញ្ជាក់ថា យុទ្ធនាការបោសសំអាតអំពើពុករលួយនៅប្រទេសវៀតណាម នាពេលកន្លងមកនេះ បានមើលឃើញ មន្រ្តីសរុបរាប់រយនាក់ត្រូវបានស៉ើបអង្កេត ហើយអ្នកនយោបាយជាន់ខ្ពស់ជាច្រើន ត្រូវបានដកហូតតំណែង ក្នុងនោះរួមមានឧបនាយករដ្ឋមន្រ្តីពីរនាក់ផងដែរ។ កាលពីខែមករា លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ស្រាប់តែបានលាលែងពីតំណែងប្រធានាធិបតីភ្លាមៗ បន្ទាប់ពីត្រូវបានគណបក្សកុម្មុយនិស្តវៀតណាមទម្លាក់កំហុស សម្រាប់ការ​​ប្រព្រឹត្តល្មើសផ្សេងៗ ដោយក្រុមមន្រ្តីដែលនៅក្រោមការគ្រប់គ្រងរបស់លោក។ ប្រធានាធិបតីវៀតណាមស្តីទីបច្ចុប្បន្ន គឺលោកស្រី វ៉ូ ធីអាញសួន (Vo Thi Anh Xuan) ដែលមានតួនាទីជាអនុប្រធានាធិបតី នៅពេលដែលលោក ហ្វុក លាលែងពីតំណែង៕