(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បាននិយាយថា ខ្លួនត្រូវការថវិកា៤.៣ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីបន្តយកទៅជួយមនុស្សរាប់លាននាក់ នៅក្នុងប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
បណ្តាទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិត្រូវការថវិកាខាងលើ ដើម្បីជួយដល់មនុស្សច្រើនជាង១៧លាននាក់នៅយេម៉ែន ដែលបានរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមស៉ីវិលដែលអូសបន្លាយប្រមាណ៨ឆ្នាំមកហើយ។ ជម្លោះនោះបានផ្តាច់ជីវិតមនុស្សរាប់សែននាក់ ហើយធ្វើឱ្យប្រទេសដែលក្រីក្រជាងគេ ប្រចាំឧបទ្វីបអារ៉ាប់មួយនេះ ធ្លាក់ចូលទៅក្នុងសោកនាដកម្មមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។
UN បាននិយាយថា យេម៉ែនក៏ស្ថិតនៅជួរមុខនៃវិបត្តិប្រែប្រួលអាកាសធាតុផងដែរ ដោយជួបប្រទះស្ថានភាពរាំងស្ងួតនិងទឹកជំនន់ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស។ អង្គការសហប្រជាជាតិបានទទួលស្គាល់ថា ការកើនឡើងខ្លាំងនៃតម្រូវការជំនួយមនុស្សធម៌ជាសកល កំពុងធ្វើឱ្យការគាំទ្ររបស់ក្រុមអ្នកបរិច្ចាគមានភាពស្តួចស្តើង ប៉ុន្តែបើគ្មានការផ្តល់ជំនួយជាប់លាប់សម្រាប់យេម៉ែនទេនោះ ជីវិតប្រជាជនរាប់លាននាក់ នឹងប្រឈមហានិភ័យ ហើយកិច្ចប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមស៉ីវិលឱ្យដាច់ស្រេច ក៏នឹងកាន់តែលំបាកទៅៗផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ក្រុមយោធាចម្រុះអារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបើកយុទ្ធនាការធ្វើអន្តរាគមន៍ ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែន បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី បានដណ្តើមកាន់កាប់រដ្ឋធានីសាណា រួមជាមួយដែនដីមួយភាគធំនៃប្រទេសយេម៉ែន។ កាលពីឆ្នាំ២០២២ UN រៃអង្គាសបានថវិកាបានជាង២.២ពាន់លានដុល្លារ ដែលអនុញ្ញាតឱ្យទីភ្នាក់ងារផ្តល់ជំនួយ អាចនាំយកជំនួយទៅដល់ដៃមនុស្សជិត១១លាននាក់ នៅទូទាំងប្រទេសយេម៉ែន ជារៀងរាល់ខែ៕