(មីនស្ក៍)៖ សកម្មជនប្រឆាំង និងជាសមាជិកបក្សប្រឆាំងនិរទេសខ្លួនម្នាក់ បាននិយាយថា យន្តហោះស៉ើបការណ៍ A-50 របស់រុស្ស៉ី បានរងការខូចខាតដោយសារការវាយប្រហារ ដោយយន្តហោះដ្រូន នៅឯមូលដ្ឋានយោធា ក្បែររដ្ឋធានីមីនស្ក៍នៃប្រទេសបេឡារុស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក អាលីយ៉ាក់សាន់ដឺ អាហ្សារ៉ូវ (Aliaksandr Azarov) ដែលជាមេដឹកអង្គការប្រឆាំងរដ្ឋាភិបាលបេឡារុស BYPOL ត្រូវបានដកស្រង់សម្តីចេញពីសារនៅលើបណ្តាញ Telegram និងសារព័ត៌មាន Belsat មានមូលដ្ឋាននៅប្រទេសប៉ូឡូញ ដែលគូសបញ្ជាក់យ៉ាងដូច្នេះថា «ការវាយប្រហារទាំងនោះធ្វើឡើងដោយយន្តហោះដ្រូន។ ប្រតិបត្តិការនេះ ក៏មានជនជាតិបេឡារុសចូលរួមផងដែរ។ ឥឡូវនេះពួកគេមានសុវត្ថិភាពហើយ និងកំពុងស្ថិតនៅក្រៅប្រទេស»។
បើតាមរបាយការណ៍របស់អង្គការ BYPOL ផ្នែកខាងមុខ និងផ្នែកកណ្តាលនៃយន្តហោះ ក៏ដូចជាអង់តែនរ៉ាដា បានរងការខូចខាតដោយសារការផ្ទុះពីរលើក នៅឯមូលដ្ឋានទ័ព អាកាសម៉ាឈូលីសឈី (Machulishchy) ក្បែរទីក្រុងមីនស្ក៍។ ក្រសួងការពារជាតិរុស្ស៊ី និងបេឡារុស មិនមានការឆ្លើយតបភ្លាមៗពីចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា យន្តហោះ Beriev A-50 របស់រុស្ស៉ី ដែលអង្គការណាតូហៅថាមែនស្តេ (Mainstay) គឺជាប្រភេទយន្តហោះស៉ើបការណ៍មានសមត្ថភាពបញ្ជា និងគ្រប់គ្រងលើអាកាស ហើយអាចតាមដានរហូតដល់ ៦០គោលដៅ ក្នុងពេលតែមួយ។ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ មានសេចក្តីរាយកាណ៍ពីសកម្មភាពបំផ្លិចបំផ្លាញ ជាច្រើននៅបេឡារុស និងនៅក្នុងតំបន់រុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន ជាពិសេសលើប្រព័ន្ធផ្លូវដែក៕