(ម៉ាឌ្រី)៖ រដ្ឋមន្ត្រីការបរទេសអេស្បាញ លោក ចូសេ ម៉ានុយអែល អាល់បារ៉េស (Jose Manuel Albares) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ស្ត្រីជនជាតិអេស្ប៉ាញម្នាក់ដែលជាប់ពន្ធនាគារនៅអ៉ីរ៉ង់ ចាប់តាំងពីខែវិច្ឆិកា ពីបទចារកម្ម បន្ទាប់ពីត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្ត្រីខាងលើមានឈ្មោះ អេណា បាន់នៀរ៉ា សួរ៉េស (Ana Baneira Suarez) អាយុ ២៤ឆ្នាំ ជាសកម្មជនម្នាក់ដែលធ្វើការឲ្យអង្គការសិទ្ធិមនុស្សមួយ ត្រូវបានឃុំខ្លួននៅអ៉ីរ៉ង់ អំឡុងពេលមានការតវ៉ាទូទាំងប្រទេស ដែលបង្កឡើងដោយសារតែការស្លាប់ក្នុងមន្ទីរឃុំឃាំងរបស់ស្ត្រីវ័យក្មេងម្នាក់ កាលពីខែកញ្ញា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងអាបាសេត (Albacete) ស្ថិតនៅភាគកណ្តាលនៃប្រទេសអេស្ប៉ាញ លោក អាល់បារ៉េស បានគូសបញ្ជាក់ថា «សូមអបអរសាទរចំពោះ ការដោះលែងកញ្ញា អេណា បាន់នៀរ៉ា។ សូមឲ្យនាងមានសុខភាពល្អ»។ ជុំវិញការដោះលែងជនជាតិអេស្ប៉ាញរូបនេះ រដ្ឋាភិបាលអ៉ីរ៉ង់មិនបានឆ្លើយតបទៅនឹងសំណើ សុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា កញ្ញា បាន់នៀរ៉ា ត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញនៅថ្ងៃអាទិត្យ។ បើតាមលោក អាល់បារ៉េស ពលរដ្ឋអេស្ប៉ាញមួយរូបទៀត ឈ្មោះ សាន់ទីអាហ្គោ សាន់ឆេស កូហ្កេដូ (Santiago Sanchez Cogedor) នៅតែជាប់ឃុំឃាំងនៅអ៉ីរ៉ង់ ប៉ុន្តែលោកសង្ឃឹមថានឹងមានការដោះលែងក្នុងពេលឆាប់ៗ៕