(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានរាយការណ៍ថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំជាមួយក្រុមមន្ត្រីបក្សកាន់អំណាចដើម្បីពិភាក្សាពី ការកែលម្អសេដ្ឋកិច្ច និងវិស័យកសិកម្ម ខណៈដែលការភ័យខ្លាចនៃការខ្វះខាងស្បៀងអាហារ និងវិបត្តិមនុស្សធម៌កាន់តែកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA កិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សពលករកូរ៉េ រៀបចំឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយ លោក គីម នឹងត្រូវពិនិត្យឡើងវិញលើគម្រោងអភិវឌ្ឍន៍ជនបទ។ នៅក្នុងកិច្ចប្រជុំថ្ងៃដំបូង មាននូវការផ្តល់របាយការណ៍ និងប្រមូលផ្តុំរបៀបវារៈដែលត្រូវអនុម័ត ហើយកិច្ចប្រជុំនេះកំពុងបន្ត។

ក្នុងសេចក្តីប្រកាសកាលពីខែកុម្ភៈ KCNA បានរាយការណ៍ថា កិច្ចប្រជុំនេះផ្តោតលើ «កិច្ចការសំខាន់ និងបន្ទាន់បំផុតក្នុងការបង្កើតយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ការអភិវឌ្ឍន៍កសិកម្ម»។ ក៏ប៉ុន្តែ បើតាមពីក្រុមមន្ត្រីកូរ៉េខាងត្បូង ស្ថានភាពស្បៀងអាហាររបស់កូរ៉េខាងជើងហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនឡើង ដោយក្រុមមន្ត្រីនៅទីក្រុងសេអ៊ូលបានកត់សម្គាល់ថា កិច្ចប្រជុំនោះ ជាការទទួលស្គាល់ជាក់ស្តែងពីការខ្វះខាតស្បៀងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញអន្តរជាតិបាននិយាយថា អសន្តិសុខស្បៀងមានសភាពកាន់តែអាក្រក់ទៅៗក្នុងប្រទេសឯកោមួយនេះ ចំពោះមុខការដាក់ទណ្ឌកម្ម និងការបិទដើម្បីទប់ស្កាត់ ជំងឺកូវីដ១៩។ បើតាមគេហទំព័រ 38 North ដែលតាមដានប្រទេសកូរ៉េខាងជើងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ភាពអាចរកបាននៃស្បៀងអាហារទំនងជាបាន ធ្លាក់ចុះក្រោម កម្រិតអប្បបរមាដែលទាក់ទងនឹងតម្រូវការរបស់មនុស្ស ជាមួយនិងអសន្តិសុខស្បៀងដែលអាក្រក់បំផុតចាប់តាំងពីមានគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ១៩៩០៕