(ហ្ស៊េរុយសាឡិម)៖ ក្រុមមន្ត្រីអ៉ីស្រាអែល និងប៉ាឡេស្ទីន បានសន្យាថានឹងអនុវត្តតាមវិធានការដែលបានព្រមព្រៀងគ្នា ដើម្បីបន្ធូរបន្ថយ និងទប់ស្កាត់អំពើហិង្សា បន្ទាប់ពីកិច្ចពិភាក្សាមួយ ធ្វើឡើងនៅក្នុងប្រទេសហ្ស៊កដានី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ក្រោយការបញ្ចប់កិច្ចពិភាក្សានៅក្នុងទីក្រុងអាកាបា (Aqaba) នៃប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រុមមន្រ្តីអ៉ីស្រាអែល និងប៉ាឡេស្ទីន បាននិយាយថាភាគីទាំង២ នឹងធ្វើការគ្នាយ៉ាងជិតស្និទ្ធដើម្បីបង្ការទប់ស្កាត់កុំឱ្យអំពើហិង្សាថ្មីៗផ្ទុះឡើង ហើយបានអះអាងផងដែរពីភាពចាំបាច់នៃការប្ដេជ្ញាចិត្តបន្ធូរបន្ថយ ភាពតានតឹងសព្វថ្ងៃ។

បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើដដែល អ៉ីស្រាអែលបានបញ្ជាក់ថាខ្លួននឹងបញ្ឈប់កិច្ចពិភាក្សាស្ដីពីការតាំងទីលំនៅអាណានិគមថ្មីៗសម្រាប់រយៈពេល ៤ខែ និងបញ្ឈប់ការអនុម័តលើលំនៅដ្ឋានអាណានិគមថ្មីៗសម្រាប់រយៈពេល៦ខែ។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍រួមរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចពិភាក្សាមួយដែលមានការចូលរួមផងដែរពីក្រុមមន្រ្តីមកពីសហរដ្ឋអាមេរិក អេហ្ស៉ីប និងហ្ស៊កដានី នៅចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពីលទ្ធភាពនៃការកើនឡើងអំពើហិង្សា ខណៈខែរ៉ាម៉ាឌនរបស់អ្នកកាន់សាសនាអ៉ីស្លាមកាន់តែខិតជិតមកដល់៕