(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានបណ្ដេញមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ ដែលបានជួយដឹកនាំ សង្រ្គាមប្រយុទ្ធនឹងកងទ័ពរុស្ស៉ី នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសចេញពីតំណែង ដោយមិនបានប្រាប់ពីហេតុផលនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងក្រឹត្យមួយច្បាប់ លោក ហ្សេលេនស្គី បានប្រកាសបណ្ដេញលោក អេឌូអា ម៉ូសកាលីយ៉ូវ (Eduard Moskalyov) ចេញពីតំណែងជាមេបញ្ជាការនៃកងកម្លាំងរួមរបស់ អ៊ុយក្រែន ដែលកំពុងដឹកនាំសង្រ្គាមនៅក្នុងសមរភូមិដុនបាស់។ លោក ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានលើកពីឈ្មោះលោក ម៉ូសកាលីយ៉ូវ នៅក្នុងសុន្ទរកថា ប្រចាំថ្ងៃ នៅពេលដែលលោកបង្ហើបពីឈ្មោះមេបញ្ជាការយោធាដែលលោកបានជជែកជាមួយ។ លោក ម៉ូសកាលីយ៉ូវ ត្រូវបានតែងតាំងជាមេបញ្ជាការកងកម្លាំងរួមអ៊ុយក្រែន ចាប់តាំងពីខែមីនា ឆ្នាំ២០២២មក ភ្លាមៗក្រោយរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅផងដែរ យោធាអ៊ុយក្រែនបានអះអាងថាកងទ័ពរុស្ស៉ីបានដឹកនាំការវាយប្រហារជាច្រើន នៅក្នុងទីក្រុងបាកមូត ប៉ុន្តែ មិនបានទទួលជោគជ័យឡើយ ៕