(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA​ លោក William Burns បានឱ្យដឹងថាព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យយោធានៃប្រទេសលោករបស់លោក ត្រៀមលក្ខណៈឱ្យបានរួចរាល់នៅឆ្នាំ២០២៧ ដើម្បីវាយកាន់កាប់តៃវ៉ាន់ បើទោះជាក្នុងពេលបច្ចុប្បន្ន លោកកំពុងមានការសង្ស័យថាតើយោធាចិនមានសមត្ថភាពធ្វើបែបនេះដែរឬក៏យ៉ាងណាក៏ដោយ ដោយសារតែបទពិសោធន៍របស់រុស្ស៉ីក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក William Burns បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកគួរតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះចេតនារបស់លោក ស៊ី ជិនពីង ក្នុងការគ្រប់គ្រងកោះតៃវ៉ាន់ បើទោះជាជម្លោះ យោធាអាចបញ្ចៀសបានក៏ដោយ។ នាយក CIA​ រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ដូចដែលយើងបានដឹងជាសាធារណៈ លោកប្រធានាធិបតី ស៊ី បានបញ្ជាឱ្យកងទ័ព PLA និងថ្នាក់ដឹកនាំយោធាចិន ត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ឆ្នាំ២០២៧ ដើម្បីឈ្លានពានតៃវ៉ាន់ ប៉ុន្តែនេះមិនមែនមានន័យថាលោកសម្រេចចិត្តថានឹងឈ្លានពាននៅ ឆ្នាំ២០២៧ ឬក៏នៅឆ្នាំណាមួយនោះទេ»។ លោកបន្ថែមថា «តាមការវិនិច្ឆ័យរបស់យើង យ៉ាងហោចណាស់ លោកប្រធានាធិបតី ស៊ី និងថ្នាក់ដឹកនាំយោធារបស់លោកបច្ចុប្បន្ន មានការសង្ស័យថាតើពួកគេអាចនឹងឈ្លានពានបានដោយជោគជ័យ ដែរឬក៏យ៉ាងណា»

គួរបញ្ជាក់ថា បើតាមលោក William Burns ការគាំទ្ររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ចំពោះអ៊ុយក្រែនចាប់តាំងពីសង្រ្គាមឈ្លានពានរបស់លោក ពូទីន ផ្ទុះឡើងមក អាចនឹងក្លាយជាការកំញើញដ៏មានសក្ដានុពលមួយទៅលើក្រុមមន្ត្រីចិន។ ប៉ុន្តែលោក Burns ក៏ទទួលស្គាល់ដែរថាហានិភ័យនៃការវាយប្រហារលើតៃវ៉ាន់ មានតែនឹងកើនឡើង ជាលំដាប់៕