(រ៉ូម)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីតាលី បានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ចំនួន៤០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍១គ្រឿង បានលិចនៅក្បែរឆ្នេរនៃតំបន់កាឡាប្រៀ (Calabria) ភាគអាគ្នេយ៍ប្រទេសអ៉ីតាលី នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
សាកសពមនុស្សយ៉ាងហោចចំនួន២៨នាក់ ត្រូវបានរលកនាំមកទើរលើមាត់ឆ្នេរនៃរីសតមួយកន្លែង ក្នុងខេត្តក្រូតូណេ (Crotone) ខណៈសាកសពមនុស្សមួយចំនួនទៀត ក៏ត្រូវបានប្រទះឃើញអណ្តែតលើផ្ទៃសមុទ្រផងដែរ។ ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត គឺរួមមានទាំងទារកនិងកុមារ ហើយមនុស្សប្រហេល៤០នាក់នៅមានជីវិត។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីបានអះអាងថា នៅលើទូកដែលជួបគ្រោះថ្នាក់នោះ រួមមានជនអន្តោប្រវេសន៍មកពីអ៉ីរ៉ង់ ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានជាដើម សរុបជាង១០០នាក់ ហើយវាបានបោកខ្ទប់នឹងថ្ម កំលុងស្ថានភាពអាកាសធាតុអាក្រក់លើផ្ទៃសមុទ្រ។
គួរបញ្ជាក់ អ៉ីតាលីគឺជាគោលដៅចូលចតចម្បងសម្រាប់ជនអន្តោប្រវេសន៍ ដែលព្យាយាមភៀសខ្លួនចូលមកក្នុងតំបន់អឺរ៉ុប តាមផ្លូវសមុទ្រ។ ផ្លូវធ្វើដំណើរដែលគេហៅថា ផ្លូវមេឌីទែរ៉ាណេភាគកណ្តាល គឺជាផ្លូវធ្វើដំណើរដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក។ គិតចាប់តាំងពីឆ្នាំ២០១៤មក មនុស្សចំនួន២០,៣៣៣នាក់ បានបាត់បង់ជីវិតឬបាត់់ខ្លួន នៅភាគកណ្តាលសមុទ្រមេឌីទែរ៉ាណេ៕