(វ៉ាស៉ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Twitter គឺកំពូលមហាសេដ្ឋីអាមេរិក លោក អេឡូន ម៉ាស់ (Elon Musk) បាននិយាយថា អ៊ុយក្រែនពិតជាបានជួបប្រទះនូវ អ្វីដែលលោកហៅថា «ការធ្វើរដ្ឋប្រហារ» កាលពីឆ្នាំ២០១៤ ក្រោយមានការផ្លាស់ប្តូររដ្ឋាភិបាលនៅទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ម៉ាស់ បានបង្ហោះសារលើប្រព័ន្ធ Twitter យ៉ាងដូជ្នេះថា «ការបោះឆ្នោតនាពេលនោះ អាចនិយាយបានថា ហាក់មានលក្ខណៈមិនស្មោះត្រង់ ប៉ុន្តែវាគ្មានមន្ទិលសង្ស័យអ្វីឡើយថា គឺពិតជាមានការធ្វើរដ្ឋប្រហារបានកើតឡើង»។ កាលពីចន្លោះខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ខែកុម្ភៈ ឆ្នាំ២០១៤ បាតុកម្មតវ៉ាបានផ្ទុះឡើងយ៉ាងកក្រើកនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្អាកគោលនយោបាយ ដែលមានគោលដៅ ធ្វើសមាហរណកម្មជាមួយសហភាពអឺរ៉ុប (EU) ហើយក៏ឈានដល់ការទម្លាក់ ប្រធានាធិបតីអ៊ុយក្រែន លោក វិចទ័រ យ៉ានូកូវិច (Viktour Yanukovych) ដែលត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា កំលុងការប៉ះទង្គិចគ្នានាពេលនោះ រវាងកងកម្លាំងសន្តិសុខនិងក្រុមអ្នកតវ៉ា មនុស្សលើស១០០នាក់ បានបាត់បង់ជីវិត។ នៅខែមេសា ឆ្នាំ២០១៤ អាជ្ញាធរអ៊ុយក្រែនក៏បានបើកប្រតិបត្តិការយោធា ប្រឆាំងនឹងតំបន់ចង់ផ្តាច់ខ្លួននៅភាគខាងកើតប្រទេសគឺ ដូណេត (Donetsk) និងលូហាន (Luhansk) ដែលបដិសេធទទួលស្គាល់ រដ្ឋាភិបាលកណ្តាលថ្មីរបស់អ៊ុយក្រែន ដែលបានឡើងកាន់អំណាច បន្ទាប់ពីអ្វីដែលពួកគេចាត់ទុកថា ជាការធ្វើរដ្ឋប្រហារ៕