(មីនស្កិ៍)៖ មន្រ្តីជាន់ខ្ពស់បេឡារុសម្នាក់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះបាននិយាយថា ប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី ស្ថិតនៅជាប់ព្រំប្រទល់ភាគខាងជើងរបស់អ៊ុយក្រែន មានកម្លាំងប្រហែល១.៥លាននាក់ ដែលអាចបម្រើជាទាហាន ក្រៅពីកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រធានក្រុមប្រឹក្សាសន្តិសុខបេឡារុស លោក អាឡិចសាន់ដឺ វ៉ូលហ្វូវិច (Alexander Volfovich) បានអះអាងថា ក្រៅពីសមាជិកនៃកងកម្លាំងប្រដាប់អាវុធផ្ទាល់ បេឡារុសមានកម្លាំងរហូតដល់១.៥លាននាក់ទៀត ដែលអាចបម្រើជាទាហាន ក្នុងករណីច្បាប់អាជ្ញាសឹកត្រូវបានប្រកាស និងស្ថានភាពសេដ្ឋកិច្ចត្រូវបានផ្លាស់ប្តូរទៅជា ស្ថានភាពពេលមានសង្រ្គាម។
យោងតាមទិន្នន័យឆ្នាំ២០២២ បេឡារុសដែលមានប្រជាជនសរុបខ្ទង់៩.៣លាននាក់ មានកងកម្លាំងជាទាហានអាជីពសរុបប្រហែល ៦០,០០០នាក់។ ក្នុងខែកុម្ភៈនេះ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ទើបតែបានចេញបញ្ជាឱ្យបង្កើតកងកម្លាំងស័្មគ្រចិត្តថ្មីមួយ ដើម្បីការពារទឹកដីចំនួនដល់១៥០,០០០នាក់។ លោកប្រធានាធិបតីបេឡារុស ធ្លាប់បានអះអាងម្តងហើយម្តងទៀតថា កងទ័ពរបស់ប្រទេសលោក នឹងចេញច្បាំងលុះត្រាតែបេឡារុសរងការវាយប្រហារមុនពីប្រទេសដទៃ។
គួរបញ្ជាក់ថា លោក លូកាសិនកូ បានផ្តល់ការគាំទ្រដល់សមភាគីរុស្ស៉ីគឺ លោក វ៉្លាឌីមៀ ពូទីន ក្នុងសង្រ្គាមឈ្លានពានរយៈពេល១ឆ្នាំមកនេះ នៅប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងតាមរយៈការអនុញ្ញាតឱ្យលោក ពូទីន ប្រើប្រាស់ទឹកបេឡារុស ដើម្បីឈ្លានពានលើអ៊ុយក្រែន កាលពីកំលុងដំណាក់កាលដំបូង និងតាមរយៈការបើកឱ្យរុស្ស៉ីបង្វឹកកងទ័ពដែលខ្លួនទើបនឹងកែន នៅក្នុងប្រទេសបេឡារុស៕