(ញូដេលី)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 មិនអាចស្វែងរកការឯកភាពគ្នាបាន លើសេចក្តីថ្លែងការណ៍រួមដែលមានគោលដៅថ្កោលទោស ប្រទេសរុស្ស៉ីសម្រាប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ក្រោយមានការជំទាស់ពីចិននិងរុស្ស៉ីផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ឥណ្ឌាក្នុងនាមជាប្រធានប្តូរវេន G20 បានទទួលបន្ទុករៀបចំកិច្ចប្រជុំខាងលើ នៅឯទីក្រុងបង់ហ្កាល័រ (Bangalore) នៃប្រទេសរបស់ខ្លួន ហើយមានការស្ទាក់ស្ទើរ ក្នុងការលើកឡើងអំពីបញ្ហាសង្រ្គាមអ៊ុយក្រែន ប៉ុន្តែក្រុមប្រទេសលោកខាងលិចបានទទូចថា ពួកគេមិនអាចផ្តល់ការគាំទ្រចំពោះលទ្ធផលណាមួយ ដែលមិនរួមមានការថ្កោលទោសនោះឡើយ។ ការខ្វះការឯកភាពគ្នាក្នុងចំណោមសមាជិក G20 បែបនេះមានន័យថា ឥណ្ឌាត្រូវបង្ខំឱ្យងាកមកចេញត្រឹម «សេចក្តីសង្ខេបនិងឯកសារលទ្ធផលរបស់ប្រទេសជាប្រធាន» វិញ ដែលក្នុងនោះគ្រាន់តែផ្តល់ខ្លឹមសារបូកសរុបលទ្ធផល នៃកិច្ចប្រជុំរយៈពេល២ថ្ងៃ និងគូសបញ្ជាក់ពីការខ្វែងគំនិតគ្នា។
សេចក្តីសង្ខេបនោះបានលើកឡើងដូច្នេះថា «សមាជិកភាគច្រើនប្រកាន់ជំហរថ្កោលទោសជាខ្លាំង ចំពោះសង្រ្គាមនៅអ៊ុយក្រែន ហើយសង្កត់ធ្ងន់ថា វាកំពុងតែបង្កទុក្ខវេទនាយ៉ាងធំធេងចំពោះមនុស្ស និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែផុយស្រួយ ដោយសារតែការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ និងការអូសបន្លាយនៃបញ្ហាអសន្តិសុខស្បៀងនិងផ្នែកថាមពល»។
សេចក្តីសង្ខេបដដែលបានបន្តទៀតថា «មានការយល់ឃើញនិងវាយតម្លៃខុសៗគ្នា ចំពោះស្ថានការណ៍និងទណ្ឌកម្ម» ដោយចង់សំដៅលើ ចំណាត់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក រួមជាមួយក្រុមប្រទេសអឺរ៉ុបនិងប្រទេសដទៃទៀត ដែលមានគោលដៅដាក់ពិន័យលើរុស្ស៉ី សម្រាប់ការឈ្លានពាននៅអ៊ុយក្រែន និងទប់ស្កាត់ប្រភពចំណូលរបស់ទីក្រុងមូស្គូ។
គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំ G20 ខាងលើ គឺស្រដៀងទៅនឹងលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេស G20 នៅកោះបាលី កាលពីខែវិច្ឆិកា ឆ្នាំមុនដែរ នៅពេលឥណ្ឌូណេស៉ីជាម្ចាស់ផ្ទះ ក៏បានចេញសេចក្តីប្រកាសចុងក្រោយមួយ ដែលទទួលស្គាល់ការខ្វែងគំនិតគ្នារវាងសមាជិក ជុំវិញបញ្ហាសង្រ្គាមអ៊ុយក្រែន៕