(ប៉ារីស)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា រូបលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងខែមេសា ហើយលោកបានទទូចជាថ្មីម្តងទៀតឱ្យទីក្រុងប៉េកាំងជួយដាក់សម្ពាធលើរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកប្រធានាធិបតីបារាំងបានប្រាប់ថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កំលុងដើមខែមេសា ឆ្នាំនេះ ហើយរូបលោកបានលើកឡើងថា ការដែលចិនកំពុងចូលរួមក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន គឺជារឿងដ៏ប្រសើរ។ លោក ម៉ាក្រុង បានបន្ថែមថា សន្តិភាពអាចសម្រេចទៅបាន លុះត្រាតែរុស្ស៉ីបញ្ឈប់ការឈ្លានពានរបស់ខ្លួន ដកកងទ័ពចេញឱ្យអស់ ហើយគោរពអធិបតេយ្យនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានចេញផ្សាយគោលជំហរ១២ចំណុចរបស់ខ្លួន ដែលអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់ រួមជាមួយដំណោះស្រាយតាមផ្លូវនយោបាយ ដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី។ ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបង្ហាញក្តីសង្ឃឹមក្នុងការជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ដោយនិយាយថា វាគឺជារឿងដ៏សំខាន់សម្រាប់សន្តិភាពពិភពលោកទាំងមូល៕