(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធមិនធ្លាប់មាន ទៅលើបណ្តាប្រទេសអាហ្រ្វិក ក្នុងនោះរួមមានទាំង ការព្យាយាមរារាំងកិច្ចប្រជុំកំពូលរវាងរុស្ស៉ីនិងអាហ្រ្វិកថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក មីឃែល បូហ្គដានូវ (Mikhail Bogdanov) លើកឡើងជាថ្មីនូវការចោទប្រកាន់របស់ទីក្រុងមូស្គូ ដែលថាក្រុមលោកខាងលិច បាននិងកំពុងដឹកនាំយុទ្ធនាការដើម្បីធ្វើឱ្យរុស្ស៉ីនៅឯកោ។ លោក បូហ្គដានូវ បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងដឹកនាំយុទ្ធនាការក្នុងកម្រិតខ្លាំងមិនធ្លាប់មាន ដើម្បីដាក់សម្ពាធផ្នែកនយោបាយនិងសេដ្ឋកិច្ចមកលើរុស្ស៉ី ក្នុងនោះរួមមានទាំងការព្យាយាមបន្ទុចបន្អាក់ កិច្ចប្រជុំកំពូលរុស្ស៉ី-អាហ្រ្វិកលើកទី២ ដែលត្រូវធ្វើឡើងនៅក្នុងទីក្រុងសង់ភីតស្បឺគ (St. Petersburg)»។
លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ីបានបន្តថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក ក្រុមលោកខាងលិចបានបង្កើនសម្ពាធជាខ្លាំងទៅលើបណ្តាប្រទេសអាហ្រ្វិក តាមរយៈការគំរាមកំហែងដាក់ទណ្ឌកម្ម ក៏ដូចជាផ្តាច់ជំនួយហិរញ្ញវត្ថុនិងមនុស្សធម៌។ ក្រោយបានបើកការឈ្លានពានលើអ៊ុយក្រែន ទីក្រុងមូស្គូត្រូវគេសង្កេតឃើញថា បានខិតខំងាកទៅរកចិន ឥណ្ឌា និងក្រុមប្រទេសនៃទ្វីបអាហ្រ្វិក ដើម្បីព្យាយាមពង្រឹងទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា។
គួរបញ្ជាក់ នៅក្នុងឆ្នាំនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានបំពេញទស្សនកិច្ចទៅកាន់ ទី្វបអាហ្រ្វិកចំនួន២លើករួចហើយ បន្ថែមពីលើដំណើរទស្សនកិច្ចមួយលើក កាលពីពាក់កណ្តាលឆ្នាំមុន។ ក្នុងសប្តាហ៍នេះ ប្រទេសអាហ្រ្វិកខាងត្បូង ទើបតែបានចាប់ផ្តើមសមយុទ្ធយោធាជើងទឹកមួយនេះ ដែលមានការចូលរួមពីរុស្ស៉ីនិងចិន។ ចំណែកនៅខែកក្កដា ឆ្នាំនេះ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន នឹងរៀបចំកិច្ចប្រជុំកំពូលរុស្ស៉ី-អាហ្រ្វិកលើកទី២ ដែលជាព្រឹត្តិការណ៍រំលេចឱ្យឃើញពីភាពខ្នះខ្នែងរបស់លោក ក្នុងការព្យាយាមរឹតបន្តឹងទំនាក់ទំនងជាមួយប្រជាជាតិអាហ្រ្វិក ក្រោយប្រទេសរបស់លោក លែងទទួលបានការស្វាគមន៍ពីក្រុមលោកខាងលិច ដោយសារតែសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីមួយឆ្នាំមុន៕