(មូស្គូ)៖ រុស្ស៊ី បានប្រាប់លោកខាងលិចកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រាល់សកម្មភាពដែលគំរាមកំហែងដល់កងកម្លាំងរក្សាសន្តិភាពរុស្ស៊ីនៅឯតំបន់បំបែកខ្លួនត្រេនស្នីស្រ្ទៀ (Transdniestria) នៃប្រទេសម៉ុលដាវី នឹងត្រូវចាត់ទុកថាជាការវាយប្រហារមកលើប្រទេសរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនពីបទរៀបចំផែនការឈ្លានពាន។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានច្រានចោលការអះអាងរបស់ទីក្រុងមូស្គូ ដែលថាអ៊ុយក្រែនចង់កាន់កាប់តំបន់នេះ ខណៈដែលប្រទេសម៉ុលដាវី ក៏បានអះអាងជាថ្មីថាជារឿងមិនពិតនោះដែរ។

ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ថា «យើងសូមព្រមានសហរដ្ឋអាមេរិក រដ្ឋសមាជិកណាតូ និងសម្ព័ន្ធមិត្តអ៊ុយក្រែន ប្រឆាំងនឹងការចាត់វិធានការមិនប្រុងប្រយ័ត្នណាមួយ។ រាល់សកម្មភាពដែលគំរាមកំហែងដល់សន្តិសុខរបស់ពួកគេ នឹងត្រូវចាត់ទុកនៅក្រោមច្បាប់អន្តរជាតិថា ជាការវាយប្រហារមកលើសហព័ន្ធរុស្ស៊ី»

គួរបញ្ជាក់ថា ការព្រមាននេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសម៉ុលដាវី ដែលជាដែនដីដ៏តូចមួយនៃអតីតសាធារណរដ្ឋសូវៀតតូចមួយ ហើយមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន អំពីការគំរាមកំហែងរបស់រុស្ស៊ីដែលអាចកើតមាន៕