(ប៉េកាំង)៖ ក្រុមហ៊ុនផលិតបាឡុងឧតុនិយមរបស់ចិន Zhuzhou Rubber Research & Design Institute បានអះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធអ្វីទៅនឹងករណីបាឡុងចារកម្មដែលបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិក កាលពីដើមខែកុម្ភៈនេះទេ ហើយក៏មិនមែនជាក្រុមហ៊ុនយោធានោះដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

Zhuzhou Rubber ជាអង្គភាពបុត្រសម្ព័ន្ធក្រុមហ៊ុន ChemChina ដែលជាក្រុមហ៊ុនគីមីដ៏ធំរបស់រដ្ឋចិន បានឲ្យដឹងថា ខ្លួនបានចូលរួមក្នុងការផលិតបាឡុងពីជ័រធម្មជាតិមិនប៉ះពាល់ដល់បរិស្ថាន ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិទាំងអស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន ChemChina បានគូសបញ្ជាក់ថា «ផលិតផលរបស់យើងត្រូវបានប្រើប្រាស់សម្រាប់ការព្យាករណ៍អាកាសធាតុប្រចាំថ្ងៃ ដោយស្ថានីយឧតុនិយម ហើយមិនមានពាក់ព័ន្ធអ្វីនឹងឧប្បត្តិហេតុបាឡុងដូចដែលសេចក្តីរាយការណ៍របស់សហរដ្ឋអាមេរិកបានលើកឡើងនោះទេ»

គួរបញ្ជាក់ថា បាឡុង​ចិនដែល​​ហោះ​លើទឹកដីសហរដ្ឋ​អាមេរិក ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ឆ្នេរ​សមុទ្រ​អាត្លង់ទិក តាម​ការ​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន។ ទីក្រុងប៉េកាំង ចាត់ទុក​ការ​ដោះស្រាយ​ឧប្បត្តិហេតុ​បាឡុងនេះ ថាជា​ទង្វើ​មិន​សម​ហេតុផល​ដែល​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ៕