(ញូវដេលី)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) នៅថ្ងៃសៅរ៍នេះបាននិយាយថាលោកចង់ពង្រឹងទំនាក់ទំនងនៃប្រទេសរបស់លោកជាមួយឥណ្ឌា ឱ្យកាន់តែស៊ីជម្រៅ មុននឹងលោកត្រូវជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងទីក្រុងញូវដេលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងសារមួយបង្ហោះលើ Twitter លោក សូលស៍ បានគូសបញ្ជាក់ដូច្នេះថា «ឥណ្ឌា និងអាល្លឺម៉ង់ មានទំនាក់ទំនងនឹងគ្នាយ៉ាងល្អប្រសើរ ហើយចង់ពង្រឹងទំនាក់ទំនងនេះ ឱ្យកាន់តែស៊ីជម្រៅ ហើយនេះនឹងក្លាយជារបៀបវារៈមួយនៃកិច្ចពិភាក្សារបស់ពួកយើង និងមានសារៈសំខាន់សម្រាប់សន្តិភាពនៅក្នុងពិភពលោក»។
គួរបញ្ជាក់ថា លោក អូឡាហ្វ សូលស៍ នឹងត្រូវជួបជាមួយលោក ណារិនដ្រា ម៉ូឌី ដែលនឹងក្លាយជាជំនួបលើកទី៤រវាងមេដឹកនាំនៃប្រទេសទាំង២ ខណៈលោកបានទៅដល់ រដ្ឋធានីញូវដេលីហើយនៅថ្ងៃសៅរ៍នេះ ក្នុងដំណើរទស្សនកិច្ចមួយដែលបង្ហាញពីសារៈសំខាន់នៃតួនាទីរបស់ឥណ្ឌាសម្រាប់លោកខាងលិច ក្នុងការបញ្ចុះបញ្ចូលឱ្យញូវដេលី ចូលរួមក្នុងយុទ្ធនាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ជុំវិញសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន៕