(ប្រេស៊ីល)៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីបណ្តាលមកពីព្យុះនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បានកើនចំនួនដល់៥៤នាក់។ នេះបើតាមអាជ្ញាធរប្រេស៊ីល ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈនេះ ខណៈសម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) បានផ្ញើរសាររំលែកទុក្ខទៅកាន់ប្រជាជាតិប្រេស៊ីលទាំងមូល។
សម្ដេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស បានមានព្រះបន្ទូល ក្នុងវីដេអូចាក់ផ្សាយដោយសារព័ត៌មានផ្លូវការរបស់បុរីវ៉ាទីកង់ Portal Vatican ដូច្នេះថា «មនុស្សជាច្រើនបានបាត់ខ្លួន, មនុស្សជាច្រើន ទៀតបានរងទុក្ខវេទនា… ខ្ញុំផ្ញើរសាររំលែកភាពសោកសៅនេះ និងការបន់ស្រន់របស់ខ្ញុំ។ សូមព្រះប្រទានពរអ្នកទាំអស់គ្នា»។
បើយោងតាមអាជ្ញាធរប្រេស៊ីល ក្នុងរដ្ឋ São Paulo មនុស្សយ៉ាងហោច ៣០នាក់កំពុងតែបាត់ខ្លួន កំលុងពេលនៃការធ្លាក់ភ្លៀងជាបន្តបន្ទាប់ពេញ២៤ម៉ោង ក្នុងស្ទើរតែពេញ១ខែកុម្ភៈ ទៅលើរមណីយដ្ឋាន ឆ្នេរដ៏ស្រស់ស្អាតនៃតំបន់ Sao Sebastiao និងតំបន់ជុំវិញទៀត កាលពីចុងសប្តាហ៍មុន៕