(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកមិនរំពឹងទុកជាមុននោះទេថាចិននឹងផ្ដល់អាវុធឱ្យរុស្ស៉ី សម្រាប់ការធ្វើសង្រ្គាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ការលើកឡើងបែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន ប្រាប់ទូរទស្សន៍ CBS ថាចិនកំពុង ពិចារណាផ្ដល់អាវុធ​ឱ្យរុស្ស៉ី។ ប៉ុន្តែទីក្រុងប៉េកាំងបានចេញមុខបដិសេធភ្លាមៗ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ ABC News ដោយផ្តោតជាសំខាន់លើការចូលរួម ប្រកួតប្រជែងជាថ្មីសម្រាប់តំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ និងសង្រ្គាមអ៊ុយក្រែនដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ (ម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិន ហាក់ដូចជាការដកសម្ដីវិញ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក ប្ល៊ីនខិន។

លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនរំពឹងទុកជាមុននោះទេ។ យើងមិនទាន់បានឃើញរឿងនេះកើតឡើងនៅឡើយទេ ប៉ុន្តែខ្ញុំនឹងមិនរំពឹងទុកជាមុននោះទេ ចំពោះផែនការមួយដ៏ធំស្ដីពីការផ្ដល់អាវុធរបស់ចិនសម្រាប់រុស្ស៉ី»

គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន នៅក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីរដូវឆ្នាំមុន លោកបានបញ្ជាក់យ៉ាងច្បាស់រួចហើយពីផលវិបាក ធ្ងន់ធ្ងរដែលចិនអាចនឹងប្រឈម ប្រសិនបើហ៊ានផ្ដល់អាវុធឱ្យរុស្ស៉ី។ លោកបន្ថែមទៀតថាក្រុមហ៊ុនអាមេរិកជាង ៦០០ បានដកខ្លួនចេញពីរុស្ស៉ីរាប់ចាប់ពីក្រុមហ៊ុន McDonald រហូតដល់ក្រុមហ៊ុន Exxon៕