(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) នឹងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិននៅថ្ងៃទី២៨ ខែកុម្ភៈនេះ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងថាបេឡារុស អាចនឹងត្រូវបានបង្ខំឱ្យចូលរួមជាមួយរុស្ស៉ី នៅក្នុង សង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) ដំណើរទស្សនកិច្ចរបស់លោក លូកាសិនកូ នឹងធ្វើឡើងតបតាមការអញ្ជើញរបស់ ប្រធានាធិបតីចិន។ លោកស្រី ហួ បានគូសបញ្ជាក់ដូច្នេះថា «តាមតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយមកកាន់ប្រទេសចិន ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា»។
លោក លូកាសិនកូ គឺជាសម្ព័ន្ធមិត្តម្នាក់របស់លោក ពូទីន និងបានបង្ហាញការគាំទ្រចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ បេឡារុសសព្វថ្ងៃ ពឹងផ្អែកយ៉ាងខ្លាំងលើទីក្រុងមូស្គូ ទាំងសេដ្ឋកិច្ច និងនយោបាយ។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតរបស់ក្រសួងការបរទេសចិន ដែលចេញផ្សាយក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន លោក ជីន កាង (Qin Gang) និងសមភាគីបេឡារុស លោក សឺហ្គៃ អាឡៃនីគ (Sergei Aleinik) កាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ក៏បានបញ្ជាក់ដែរថា ចិនមានបំណងធ្វើការជាមួយបេឡារុស លើការពង្រឹងការជឿជាក់គ្នាទៅវិញទៅមុខខាងនយោបាយ។ កាលពីខែកញ្ញា ឆ្នាំ២០២២ លោក ស៊ី ជិនពីង និងលោក លូកាសិនកូ បានប្រកាសពីភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់រដូវកាល នៅពេលដែលមេដឹកនាំនៃប្រទេសទាំង២នេះ ជួបគ្នានៅទីក្រុងសាម៉ាកាន់ (Samarkand) នៃប្រទេសអ៊ូសបេគីស្ថាន៕