(ព្រុចសែល)៖ សហភាពអឺរ៉ុប នៅថ្ងៃសុក្រសប្ដាហ៍នេះបានអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចទី១០ ប្រឆាំងនឹងរុស្ស៉ី ចំថ្ងៃខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានរបស់ទីក្រុង មូស្គូ នៅអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើ Twitter ប្រទេសស៊ុយអែតដែលបច្ចុប្បន្នជាប្រធានសហភាពអឺរ៉ុប បានគូសបញ្ជាក់ដូច្នេះថា «ពួកយើងទាំងអស់គ្នា បណ្ដាប្រទេសជា សមាជិកសហភាពអឺរ៉ុបទាំងអស់បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់មានពីមុនមក ដើម្បីជួយអ៊ុយក្រែនទទួលបានជ័យជម្នះនៅក្នុងសង្រ្គាម។ សហភាពអឺរ៉ុប ឈររួបរួមគ្នាជាមួយអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន ហើយយើងនឹងបន្តគាំទ្រអ៊ុយក្រែន ដរាបណាអ៊ុយក្រែននៅត្រូវតែការ»

គួរបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបខាងលើ មានគោលដៅរឹតត្បិតបន្ថែមផ្នែកពាណិជ្ជកម្មប្រឆាំងនឹងរុស្ស៉ី និងដើម្បីធ្វើឱ្យរុស្ស៉ីកាន់តែលំបាកក្នុងការ ផ្គត់ផ្គង់ហិរញ្ញវត្ថុ សព្វាវុធ ឬគ្រឿងបន្លាស់នៃបរិក្ខារយោធាសម្រាប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន៕