(អង់ការ៉ា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងលើស ៥០,០០០នាក់ ហើយ បន្ទាប់ពីទីក្រុងអង់ការ៉ា ប្រកាសថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសរបស់ខ្លួនកើនលើស ៤៤,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងភាពអាសន្ននៃប្រទេសតួកគី ចំនួនអ្នកស្លាប់នៅតួកគីបានកើនដល់ ៤៤,២១៨នាក់ គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ខណៈចំនួនអ្នកស្លាប់នៅស៊ីរីមានចំនួន ៥,៩១៤នាក់ ហើយបើបូកតួលេខនេះបញ្ចូលគ្នា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទាំង២ បានកើនលើស ៥០,០០០នាក់។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរតួកគី មនុស្សជិត ៥៣០,០០០នាក់ ត្រូវបានជម្លៀសពីតំបន់រងគ្រោះមហន្តរាយ ហើយអគារជាង ១៦០,០០០ខ្នង ដែលមានផ្ទុកអាផាតមិនចំនួន ៥២០,០០០បន្ទប់ បានដួលរលំ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈមនុស្សច្រើនជាង ១.៩លាននាក់កំពុងរស់នៅក្នុងជំរំស្នាក់នៅ បណ្ដោះអាសន្ន៕