(ឌូបៃ)៖ ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់អ៉ីរ៉ង់ បាននិយាយថាអ៉ីរ៉ង់កំពុងរកផ្លូវសម្លាប់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមន្ត្រីអាមេរិក មួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងការសម្លាប់អតីតមេទ័ពកំពូលអ៉ីរ៉ង់ លោក កសឹម សូឡៃម៉ានី (Qassem Soleimani) ជាមួយប្រកាសពីជោគជ័យរបស់ ទីក្រុងតេហេរ៉ង់ ក្នុងការអភិវឌ្ឍមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក អាមៀ អាលី ហាជីហ្សាដែស (Amirali Hajizadeh) ជាប្រមុខកងកម្លាំងអាកាស និងអវកាស នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងរកផ្លូវសម្លាប់ (លោក) ត្រាំ និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ...ហើយមេបញ្ជាការដែលជាប់ពាក់ព័ន្ធនឹងការចេញបញ្ជាឱ្យសម្លាប់លោក សូឡៃម៉ានី ក៏គួរតែត្រូវបានសម្លាប់ផងដែរ»។ បន្ថែមពីលើនេះ បើតាមលោក ហាជីហ្សាដែស អ៉ីរ៉ង់បានទទួលជោគជ័យហើយក្នុងការអភិវឌ្ឍមីស៊ីលគ្រូស ដែលអាចបាញ់បានចម្ងាយ ១,៦៥០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា លោក កសឹម សូឡៃម៉ានី ត្រូវបានយន្ដហោះដ្រូនអាមេរិកក្រោមអាណត្តិរបស់លោក ដូណាល់ ត្រាំ ផ្ដាច់ជីវិតនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមកដែរ មេដឹកនាំ និងយោធាអ៉ីរ៉ង់បានព្រមានជាច្រើនលើកពីការសងសឹកសហរដ្ឋអាមេរិក ឱ្យវិញ្ញាណក្ខន្ធមេដឹកនាំអ៉ីរ៉ង់រូបនេះ៕