(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាផែនការសន្តិភាពរបស់ចិនមិនមានភាពប្រាកដជានោះទេ ហើយថាវានឹងមានតែផ្ដល់ ផលចំណេញឱ្យរុស្ស៉ីប៉ុណ្ណោះ ប្រសិនបើផែនការនេះត្រូវបានអនុវត្តតាមមែននោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC News កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់ពីចិនបានបញ្ចេញផែនការសន្តិភាព សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ពូទីនពេញចិត្តណាស់ចំពោះវា (ផែនការសន្តិភាពរបស់ចិន) ដូច្នេះថាតើវាអាចនឹងមានភាពល្អប្រសើរយ៉ាងមេចទៅកើត?» លោកបន្តថា «ខ្ញុំមិនបានឃើញអ្វីទាល់តែសោះ នៅក្នុងផែនការ ដែលបញ្ជាក់ថានឹងផ្ដល់ផលប្រយោជន៍គ្មាននរណាម្នាក់ក្រៅតែពីរុស្ស៉ីនោះទេ ប្រសិនបើផែនការចិនត្រូវបានអនុវត្តតាម»

គួរបញ្ជាក់ថា នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ABC News លោក ចូ បៃដិន ក៏បានទទូចជាថ្មីឡើងវិញដែរថាលោកនឹងមិនបញ្ជូនយន្ដហោះចម្បាំង F-16 ឱ្យ អ៊ុយក្រែននោះទេ ដោយនិយាយថាលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី​ មិនចាំបាច់ត្រូវការយន្ដហោះចម្បាំងនោះទេ ក្នុងពេលបច្ចុប្បន្ន៕