(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្ដែងការស្ងៀមស្ងាត់រយៈពេលមួយនាទី នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) ដើម្បីគោរព វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈប្រមុខស្ថាប័នកំពូលមួយនេះបាននិយាយថាការឈ្លានពានរបស់រុស្ស៉ី បង្កការបំផ្លិចបំផ្លាញអ៊ុយក្រែន និងធ្វើឱ្យការរស់នៅរបស់ប្រជាជនអ៊ុយក្រែនប្រៀបដូចជាស្ថិតនៅក្នុងឋាននរក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN លោក General Antonio នាឱកាសប្រារព្ធខួបមួយឆ្នាំនៃសង្រ្គាមអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «ជីវីតប្រៀបដូចជាការរស់នៅក្នុងឋាននរកសម្រាប់ប្រជាជនអ៊ុយក្រែន»។ លោកបន្ថែមទៀតថាការឈ្លានពានរបស់រុស្ស៉ីបានបំពានទាំងស្រុងលើធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងបានសម្លាប់ជីវិតមនុស្សយ៉ាងច្រើន បង្កការបំផ្លិចបំផ្លាញ និងធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ ក្លាយជាជនភៀសខ្លួន។

គួរបញ្ជាក់ថា​ មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសប្ដាហ៍នេះដែរបានបោះឆ្នោតអនុម័ត ក្នុងសំឡេងគាំទ្រលើសលប់ លើដំណោះស្រាយថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN នៅតែទទូច និងបន្ទោសលោកខាងលិចថាជាអ្នកទទួលខុសត្រូវ ទាំងស្រុងចំពោះសង្រ្គាមសព្វថ្ងៃ៕