(កៀវ)៖ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទីពីរនៅថ្ងៃសុក្រនេះ ខណៈប្រធានាធិបតី លោក Volodymyr Zelensky បានប្តេជ្ញាយ៉ាងដូច្នេះថា «យើងនឹងកម្ចាត់ពួកគេទាំងអស់» ដោយលោបានបន្ថែមថា មេដឹកនាំពិភពលោកកំពុងត្រៀមដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៉ី និងប្រទេសដែលលូកដៃជួយរុស្ស៉ីក្នុងសង្រ្គាមនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក Zelensky បាននិយាយនៅក្នុងសារជាវីដេអូមួយនៅថ្ងៃគម្រប់ខួប១ឆ្នាំ នៃសង្គ្រាមរុស្ស៉ីឈ្លានពានអ៊ុយក្រែនថា «... យើងរឹងមាំ។ យើងត្រៀមខ្លួនសម្រាប់អ្វីទាំងអស់។ យើងនឹងកម្ចាត់អ្នកគ្រប់គ្នា...ថ្ងៃដ៏វែងបំផុតនៃជីវិតរបស់យើងពជាថ្ងៃដ៏លំបាកបំផុតក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់យើង។ យើងក្រោកពីព្រលឹម ហើយមិនបានគេងតាំងពីពេលនោះមក»។
លោកបានបន្តថា «ការសន្និដ្ឋានសំខាន់គឺថាយើងបានរួចជីវិត។ យើងមិនចាញ់ទេ។ ហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីឈ្នះនៅឆ្នាំនេះ»។
គួរបញ្ជាក់ថា ខណៈពេលដែលការប្រយុទ្ធកាន់តែខ្លាំងនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនជុំវិញពិភពលោកបានសម្តែងការគាំទ្ររបស់ពួកគេ ក្នុងឱកាសខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី៕