(ញូដេលី)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ជេនេត យេលលិន (Janet Yellen) បានចោទប្រកាន់ក្រុមមន្ត្រីរុស្ស៊ី ដែលចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ថា ពួកគេក៏ជាប់ពាក់ព័ន្ធដែរនឹងអំពើឃោរឃៅដែលបានប្រព្រឹត្ត ក្នុងសកម្មភាពឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ខណៈម្ចាស់ផ្ទះដែលជាប្រទេសឥណ្ឌា បានចៀសវាងការលើកឡើងពីសង្គ្រាម នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានជំរុញដល់មេដឹកនាំហិរញ្ញវត្ថុទាំងអស់ឲ្យផ្តោតតែលើ «ពលរដ្ឋដែលងាយរងគ្រោះបំផុត» របស់ពិភពលោក ដោយមិននិយាយអ្វីពាក់ព័ន្ធនឹងសង្រ្គាមឡើយ។ លោក ម៉ូឌី បានគូសបញ្ជាក់ថា «ជំងឺកូវីដ១៩ និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ផ្សេងៗគ្នានៃពិភពលោក បាននាំឲ្យមានកម្រិតបំណុលមិនស្ថិតស្ថេរ នៅក្នុងប្រទេសមួយចំនួន ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការគំរាមកំហែងដល់សន្តិសុខស្បៀងអាហារ និងថាមពល។ យើងត្រូវតែនាំយក ស្ថិរភាព ទំនុកចិត្ត និងកំណើនមកវិញដល់សេដ្ឋកិច្ចពិភពលោក»

យ៉ាងនេះក្តី នៅក្នុងសុន្ទរកថាបើកដែលចំនឹងខួប១ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី លោកស្រី យេលលិន បានអំពាវនាវដល់សមភាគី G20 ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឡើងវិញ ដើម្បីគាំទ្រអ៊ុយក្រែននិងរឹតបន្តឹងសមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើសង្រ្គាម។ លោកស្រី យេលលិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជំរុញឲ្យក្រុមមន្ត្រីរុស្ស៊ីនៅទីនេះ យល់ថាការបន្តការងាររបស់ពួកគេសម្រាប់វិមានក្រឹមឡាំង ក៏ធ្វើឱ្យពួកគេជាអ្នកពាក់ព័ន្ធ ក្នុងអំពើឃោរឃៅរបស់លោក ពូទីនដែរ។ ពួកអ្នកត្រូវទទួលខុសត្រូវចំពោះបាត់បង់ជីវិត និងជីវភាពរស់នៅរបស់ប្រជាជនអ៊ុយក្រែន និងការខូចខាតដែលបង្កឡើងទូទាំងពិភពលោក»

គួរបញ្ជាក់ថា បញ្ហាជម្លោះ និងឥទ្ធិពលនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបានជះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចពិភពលោក ទំនងជាគ្របដណ្តប់កិច្ចប្រជុំរយៈពេល២ថ្ងៃ នៃមេដឹកនាំ G20 ក្នុងប្រទេសឥណ្ឌា៕