(អង់ការ៉ា)៖ អនុក្រឹត្យមួយដែលបានដាក់ចេញដោយការិយាល័យប្រធានាធិបតីតួកគី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា តួកគីបានដាក់បទប្បញ្ញត្តិសម្រាប់ការងារសាងសង់ឡើងវិញ បន្ទាប់ពីមានការរញ្ជួយដីដ៏សាហាវ នៅក្នុងខែកុម្ភៈនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បានសន្យាថានឹងសាងសង់លំនៅដ្ឋានឡើងវិញក្នុងរយៈពេលមួយឆ្នាំ។ បច្ចុប្បន្ន អ្នករស់រានមានជីវិត បានចាកចេញពីតំបន់នោះ ឬបានតាំងទីលំនៅក្នុងតង់ ផ្ទះកុងតឺន័រ និងកន្លែងស្នាក់នៅដែលឧបត្ថម្ភដោយរដ្ឋាភិបាល។

យោងតាមអនុក្រឹត្យនេះ បុគ្គល ស្ថាប័ន និងអង្គការនានានឹងអាចសាងសង់លំនៅឋាន និងកន្លែងធ្វើការ ដើម្បីបរិច្ចាគឱ្យក្រសួងនគរូបនីយកម្ម ហើយក្រោយមកនឹងត្រូវបែងចែកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី។ តំបន់ដីស្ងួតនិងដីមិនមែនព្រៃឈើ ក៏អាចប្រើប្រាស់សម្រាប់ការសាងសង់នេះបានដែរ។ ដោយឡែក ការតាំងទីលំនៅបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍នឹងត្រូវបានកំណត់ដោយក្រសួងផងដែរ យោងទៅលើកម្រិតហានិភ័យនៃការរញ្ជួយដី។

គួរបញ្ជាក់ថា អគារជាង ១៦០,០០០ខ្នង ដែលមានផ្ទុកអាផាតមិនចំនួន ៥២០,០០០បន្ទប់ បានដួលរលំ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ៤៣,០០០នាក់ ក្នុងប្រទេសតួកគី ហើយបានធ្វើឲ្យមនុស្សរាប់លាននាក់គ្មានផ្ទះសម្បែងរស់នៅ ចំពេលអាកាសធាតុដ៏ត្រជាក់ក្នុងរដូវរងា៕