(កៀវ)៖ លោក អាន់ដ្រេ មែលនីក (Andrey Melnik) អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីក្រុងបែរឡាំងគួរតែឆ្លងកាត់ «បន្ទាត់ក្រហមដែលគូសដោយខ្លួនឯង» និងផ្តល់ឲ្យទីក្រុងកៀវនូវ «អាវុធដែលមានទាំងអស់»។ នេះបើយោងតាមការដកស្រង់ផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងប្រាប់សារព័ត៌មាន DPA របស់អាល្លឺម៉ង់ លោក មែលនីក បានកោតសរសើរទីក្រុងបែរឡាំងចំពោះការសម្រេចចិត្ត ផ្តល់ការគាំទ្រដល់ទីក្រុងកៀវនៅដើមដំបូង នៃជម្លោះជាមួយរុស្ស៊ី។ យ៉ាងនេះក្តី មន្រ្តីទូតរូបនេះបានសង្កត់ធ្ងន់ថា បច្ចុប្បន្នវាបានចូលដល់ចំណុចរបត់ថ្មីមួយ ដោយទីក្រុងបែរឡាំងបានដំឡើងឧបសគ្គជាច្រើននៅលើផ្លូវរបស់ខ្លួន ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

លោក មែលនីក បានបន្ថែមថា «យើងទទួលស្គាល់ថានៅតែមានរបាំងច្រើនពេកនៅក្នុងការសម្រេចចិត្ត ជាពិសេសនៅក្នុងចំណោមក្រុមចម្រុះ នៃគណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់អធិការបតី លោក អូឡាហ្វ សូលហ៍ (Olaf Scholz)។ ដូច្នេះយើងសូមអំពាវនាវដល់លោកអធិការបតី ឆ្លងកាត់បន្ទាត់ក្រហមដែលគូរដោយខ្លួនឯងទាំងអស់ និងផ្តល់ឲ្យកងកម្លាំងអ៊ុយក្រែននូវប្រព័ន្ធសព្វាវុធដែលមានទាំងអស់ ដែលអាចរួមបញ្ចូលយន្តហោះចម្បាំង ក៏ដូចជានាវាចម្បាំង និងនាវាមុជទឹក ជាដើម»។

គួរបញ្ជាក់ថា មន្រ្តីទូតអ៊ុយក្រែនដែលកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងបែឡាំងរូបនេះ បានបង្កើនការរិះគន់ម្តងហើយម្តងទៀតដល់ មន្ត្រីនិងអ្នកនយោបាយអាល្លឺម៉ង់ ខណៈអ៊ុយក្រែនកំពុងអំពាវនាវរកជំនួយយន្តហោះចម្បាំងពីលោកខាងលិច៕