(ញូដេលី)៖ ប្រភពពីខាងឥណ្ឌានិងអាល្លឺម៉ង់បានបង្ហើបឱ្យដឹងថា ទីក្រុងបែរឡាំងនឹងព្យាយាមបន្តការពិភាក្សាជុំវិញកិច្ចព្រមព្រៀងតម្លៃ៥.២ពាន់លានដុល្លារ ជាមួយទីក្រុងញូដេលី ស្តីពីការរួមគ្នាសាងសង់នាវាមុជទឹក ដើរដោយថាមពលមិនមែននុយក្លេអ៊ែរចំនួន៦គ្រឿង កំលុងដំណើរទស្សនកិច្ចថ្ងៃទី២៥-២៦ ខែកុម្ភៈ របស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
រដ្ឋាភិបាលនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី មានបំណងចង់ឱ្យបង្កើនការផលិតសព្វាវុធនិងបរិក្ខារយោធា នៅក្នុងប្រទេសផ្ទាល់កាន់តែច្រើនជាងមុន ក្រោមកិច្ចសហការគ្នាជាមួយដៃគូបរទេស បន្ទាប់ពីរាប់ទសវត្សរ៍មកហើយ ឥណ្ឌាបានជាប់ឈ្មោះជាប្រទេសដែលនាំចូលសព្វាវុធធំជាងគេបំផុតរបស់ពិភពលោក។ គម្រោងនាវាមុជទឹកខាងលើ ដែលក្រុមហ៊ុនអាល្លឺម៉ង់ TKMS កំពុងព្យាយាមប្រជែងដេញថ្លៃជាមួយក្រុមហ៊ុនអន្តរជាតិមួយផ្សេងទៀតនោះ គឺនឹងត្រូវពិភាក្សារវាងប្រទេសទាំងពីរ កំលុងការបំពេញទស្សនកិច្ចរបស់លោក សូល នៅប្រទេសឥណ្ឌានាចុងសប្តាហ៍នេះ ហើយទីក្រុងបែរឡាំងនឹងបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀងនោះ។
នៅក្រោមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនផលិតនាវាមុជទឹកបរទេសមួយ នឹងត្រូវចាប់ដៃគ្នាជាមួយក្រុមហ៊ុនក្នុងស្រុកឥណ្ឌា ដើម្បីផលិតនាវាមុជទឹកនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។ អ្វីដែលសំខាន់ ក្រុមហ៊ុនបរទេសនោះក៏នឹងត្រូវផ្ទេរបច្ចេកវិទ្យាមិនសូវទូលំទូលាយមួយ សម្រាប់ប្រព័ន្ធថាមពលហៅកាត់ថា AIP ផងដែរ ខណៈចំណុចនេះហើយដែលកន្លងមក គឺជាលក្ខខណ្ឌដែលពិបាកទទួលយក សម្រាប់ក្រុមហ៊ុនបរទេសភាគច្រើន។ ក្រុមហ៊ុនដែលបានដកខ្លួនចេញ រួមមានដូចជាក្រុមហ៊ុនបារាំង Naval Group, ក្រុមហ៊ុនរុស្ស៉ី រ៉ូសូបូរ៉ូណិចស្ពត (Rosoboronexport) ហើយនិងក្រុមហ៊ុនអេស៉្បាញ ណាវ៉ានទៀ គ្រុប (Navantia Group) ជាដើម។ ប្រការនេះធ្វើឱ្យនៅសល់តែក្រុមហ៊ុនអន្តរជាតិចំនួន ២ប៉ុណ្ណោះ ដែលកំពុងបន្តប្រជែងដេញថ្លៃ គឺក្រុមហ៊ុនអាល្លឺម៉ង់និងក្រុមហ៊ុនកូរ៉េខាងត្បូង ឌែវូ (Daewoo)។
គួរបញ្ជាក់ថា ឥណ្ឌាកំពុងតែត្រូវការជាចាំបាច់នូវនាវាមុជទឹកថ្មីៗ ដើម្បីជំនួសក្រុមនាវាមុជចាស់ៗរបស់ខ្លួន ដែល១គ្រឿង ក្នុងចំណោមនាវាមុជទឹកដើរដោយ ថាមពលមិនមែននុយក្លេអ៊ែរសរុប១៦គ្រឿង គឺមានអាយុកាលលើសពី២ទសវត្សរ៍ និងស្របពេលដែលទីក្រុងញូដេលីកំពុងព្យាយាមទប់ទល់ការរីកធំនៃវត្តមានរបស់ចិន នៅតំបន់មហាសមុទ្រឥណ្ឌា។ ក្រៅពីនាវាមុជទឹកធម្មតា យោធាជើងទឹកឥណ្ឌាក៏មាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ២គ្រឿងផងដែរ៕