(កៀវ)៖ សភាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មដែលមានសុពលភាពសរុប៥០ឆ្នាំ ទៅលើគ្រឹះស្ថានហិរញ្ញវត្ថុនានារបស់​ប្រទេសរុស្ស៉ី រួមមានទាំងធនាគារកណ្តាល ធនាគារពាណិជ្ជទាំងអស់ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាសហគ្រាសជាច្រើនទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក អាន់ឌ្រី ពីស្នី (Andriy Pyshniy) អគ្គទេសាភិបាលធនាគារជាតិអ៊ុយក្រែន បាននិយាយដូច្នេះថា «វាគឺជាការរាំងខ្ទប់ទាំងស្រុងលើគ្រឹះស្ថានហិរញ្ញវត្ថុ​នៃសហព័ន្ធរុស្ស៉ី មិនឱ្យចូលមកក្នុងទីផ្សារឬប្រើប្រាស់ទ្រព្យសកម្មនានា នៅក្នុងប្រទេសអ៊ុយក្រែន។ យើងគួរតែធ្វើឱ្យរុស្ស៉ីចុះទន់ខ្សោយ តាមរយៈមធ្យោបាយ​ផ្សេងៗដែលអាចធ្វើបាន។ វិស័យហិរញ្ញវត្ថុនេះហើយ គឺជាប្រភពផ្គត់ផ្គង់យុទ្ធសាស្រ្តសម្រាប់សង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន»។

រដ្ឋមន្រ្តីសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី យូលៀ ស្វីរីដិនកូ (Yulia Svyrydenko) បានអះអាងថា ទណ្ឌកម្មខាងលើនឹងមានឥទ្ធិពលលើធនាគាររាប់រយ រួមទាំង​គ្រឹះស្ថានហិរញ្ញវត្ថុរាប់ម៉ឺន ដែលចុះបញ្ជីនៅក្នុងប្រទេសរុស្ស៉ី។ សម្រាប់ចំណាត់ការទណ្ឌកម្មគឺរួមមាន បម្រាមលើការទូទាត់ហិរញ្ញវត្ថុជាមួយទ្រព្យសកម្មនានា ដែលកាន់កាប់ដោយគ្រឹះស្ថានហិរញ្ញវត្ថុនៃសហព័ន្ធរុស្ស៉ី, បម្រាមលើការបង្កើតទំនាក់ទំនងផ្នែកធុរកិច្ចជាមួយវិស័យហិរញ្ញវត្ថុរុស្ស៉ី និងបម្រាមលើការទូទាត់ផ្នែក​ហិរញ្ញវត្ថុ ក៏ដូចជាការវិនិយោគពាក់ព័ន្ធគ្រឹះស្ថានហិរញ្ញវត្ថុរបស់រុស្ស៉ី។

គួរបញ្ជាក់ថា កន្លងមកនេះ អ៊ុយក្រែនបានដាក់ទណ្ឌកម្មរួចជាស្រេចទៅលើ មន្រ្តីនិងធុរជនរុស្ស៉ីរាប់រយនាក់, ហាមឃាត់បុគ្គលដែលជាប់ទាក់ទងជាមួយរុស្ស៉ី មិនឱ្យកាន់កាប់ដីធ្លី ឬចូលរួមពាក់ព័ន្ធក្នុងការទិញអាជីវកម្មផ្សេងៗរបស់រដ្ឋាភិបាលអ៊ុយក្រែន ក៏ដូចជាហាមឃាត់ស្ថាប័នរដ្ឋរបស់អ៊ុយក្រែនមិនឱ្យទិញទំនិញ​ឬសេវាកម្មមួយចំនួនរបស់រុស្ស៉ី ព្រមទាំងផ្អាកការផ្ទេរបច្ចេកវិទ្យាទៅកាន់បុគ្គល ដែលមានទំនាក់ទំនងជាមួយរុស្ស៉ី។ អ៊ុយក្រែនក៏កំពុងព្យាយាមទទូចឱ្យដៃគូ​លោកខាងលិចរបស់ខ្លួន ដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូផងដែរ ក្នុងនោះរួមមានទាំងការចាត់វិធានការដែលមានគោលដៅលើ វិស័យថាមពលនុយក្លេអ៊ែររបស់រុស្ស៉ី៕