(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់នាថ្ងៃសុក្រនេះ បាននិយាយថា ខណៈកំពុងរៀនសូត្រពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន យោធាចិនយល់ដឹងថា ការវាយប្រហារណាមួយមកលើ​តៃវ៉ាន់ នឹងចាំបាច់ត្រូវតែសម្រេចជោគជ័យឱ្យបានឆាប់រហ័ស ប៉ុន្តែច្រកសមុទ្រតៃវ៉ាន់នឹងបង្កជាឧបសគ្គរារាំងធំ សម្រាប់ការធ្វើយ៉ាងដូច្នោះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈូ គូឆេង (Chiu Kuo Cheng) បាននិយាយថា យោធាចិនច្បាស់ជាបានកត់ចំណាំទុក នូវមេរៀននៃសង្រ្គាមរបស់រុស្ស៉ីនៅ​អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពី១ឆ្នាំមុន ដោយរុស្ស៉ីទទួលបរាជ័យក្នុងការវាយគ្រប់គ្រងយករដ្ឋធានីកៀវ កំលុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូង។ លោក ឈូ បានលើកឡើងដូច្នេះថា «សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានផ្តល់មេរៀនដ៏សំខាន់សម្រាប់យោធាចិន នោះគឺពួកគេនឹងត្រូវផ្តោតជាសំខាន់ទៅលើភាពឆាប់រហ័ស»

លោក ឈូ បានបន្តថា ទោះបីជាយោធាចិនត្រៀមផែនការសម្រាប់ការវាយប្រហារល្បឿនលឿនក៏ដោយ ពួកគេនឹងត្រូវប្រឈមឧបសគ្គក្នុងការព្យាយាមវាយ​យកតៃវ៉ាន់ ក្នុងសកម្មភាពឆ្មក់ភ្លាមៗ ដ្បិតតៃវ៉ាន់គឺជាដែនកោះ ហើយពួកគេនឹងត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកភាគីទាំងពីរ។ លោក ឈូ បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ចិនមកលើតៃវ៉ាន់ គឺនឹងមិនអាចប្រើពេលត្រឹមមួយទៅពីរសប្តាហ៍ ទទួលជោគជ័យនោះឡើយ។

គួរបញ្ជាក់ថា មិនយូរប៉ុន្មានក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងដំបូង មានមតិមួយចំនួនបានបង្ហាញក្តីបារម្ភថា ចិនទំនងអាចនឹងឆ្លៀតឱកាសធ្វើសកម្មភាព ស្រដៀងគ្នាដូចរុស្ស៉ីមកលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជាផ្នែកនៃដែនដីរបស់ប្រទេសចិន។ ឆ្លើយតបចំពោះក្តីបារម្ភនេះ ចិនធ្លាប់បាននិយាយថា តៃវ៉ាន់និងអ៊ុយក្រែនគឺជាបញ្ហាពីរផ្ទុយស្រឡះពីគ្នា ដ្បិតដែនកោះនេះតាំងតែពីដើមមក គឺជាផ្នែកនៃប្រទេសចិន ហើយជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ៕