(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីនៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងបញ្ជូនយន្តហោះដ្រូនបន្ថែមឱ្យទៅអ៊ុយក្រែន ព្រមទាំងដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីទៀត ប្រឆាំងនឹងបុគ្គលជនជាតិរុស្ស៉ីចំនួន៩០នាក់ ហើយនិងអង្គភាពរុស្ស៉ីចំនួន៤០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងនៅតែបន្តឈរនៅជាមួយអ៊ុយក្រែន»។ ពាក់ព័ន្ធនឹងការផ្តល់យន្តហោះដ្រូន គឺបើតាមលោក អាល់បានីស ពួកវាជាប្រភេទសម្រាប់ឈ្លបយកការណ៍ ប៉ុន្តែលោកមិនបានបញ្ជាក់ឱ្យច្បាស់ពីចំនួន, ម៉ូដែល និងថាតើដ្រូនទាំងនោះនឹងមានបំពាក់អាវុធដែរឬក៏អត់ឡើយ។ រីឯការដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីចុងក្រោយវិញ រួមមានទាំងទៅលើរដ្ឋមន្រ្តីរុស្ស៉ី ដែលទទួលបន្ទុកវិស័យថាមពល ធនធាន និងឧស្សាហកម្ម ព្រមទាំងទៅលើក្រុមហ៊ុនដើរតួនាទីសំខាន់ៗក្នុងវិស័យការពារជាតិរុស្ស៉ី ដូចជាក្រុមហ៊ុនផលិតអាវុធ កាឡាស្នីកូវ ខុនសឺន (Kalashnikov Concern), ក្រុមហ៊ុនផលិតយន្តហោះ ទូប៉ូឡេវ (Tupolev) និងក្រុមហ៊ុនសាងសង់នាវាមុជទឹក អេមីរ៉ាល់ធី ស៉ីបយ៉ាដ (Admiralty Shipyards) ជាដើម។
គួរបញ្ជាក់ថា អូស្រ្តាលីគឺជាប្រទេសចូលរួមចំណែកដ៏ធំមួយ ដែលមិនមែនជាសមាជិកអង្គការណាតូ ទៅក្នុងកិច្ចប្រឹងប្រែងគាំទ្ររបស់ក្រុមលោកខាងលិច សម្រាប់អ៊ុយក្រែន។ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីមួយឆ្នាំមុនមក អូស្រ្តាលីបានផ្តល់ជំនួយយោធាគិតជាទឹកប្រាក់សរុបស្មើនឹង ៣៤០លានដុល្លារអាមេរិក ដល់ទីក្រុងកៀវ។ មិនតែប៉ុណ្ណោះ ទីក្រុងកង់បេរ៉ាក៏បានបញ្ជូនកងទ័ពខ្លួនទៅកាន់ចក្រភពអង់គ្លេស ដើម្បីជួយផ្តល់ការហ្វឹកហាត់ដល់ទាហានអ៊ុយក្រែន នៅទីនោះផងដែរ ហើយបានដាក់ទណ្ឌកម្មប្រឆាំងនឹង បុគ្គលក៏ដូចជាអង្គភាពរុស្ស៉ីសរុបលើសពី១,០០០៕