(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសរុស្ស៉ី បានឱ្យដឹងថានៅថ្ងៃសុក្រនេះ យាន សូយូស (Soyuz) របស់រុស្ស៉ី ត្រូវបានបាញ់បង្ហោះឡើងទៅកាន់​ទីអវកាសក្នុងបេសកកម្មមួយ ដើម្បីនាំត្រឡប់ចុះមកផ្ទៃផែនដីវិញ នូវក្រុមអវកាសយានិកដែលកំពុងជាប់នៅលើ ស្ថានីយអវកាសអន្តរជាតិ ISS ដោយសារ​យានអវកាសដើមរបស់ពួកគេ​ បានជួបបញ្ហាលេចធ្លាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា យានអវកាស សូយូស អឹមអេស-២៣ (Soyuz MS-23) ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស បៃកូណួរ (Baikonur) ក្នុងប្រទេសកាហ្សាក់ស្ថាន និងបានទៅដល់ទីអវកាសហើយ។ វាត្រូវគេរំពឹងថានឹងចូលចតនៅស្ថានីយ ISS ក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ។ អវកាសយានិករុស្ស៉ី លោក ឌីមីទ្រី ប៉េតេលីន (Dmitry Petelin) និងលោក សឺហ្គៃ ប្រូកូបយេវ (Sergei Prokopyev) ព្រមទាំងអវកាសយានិកអាមេរិក លោក ហ្រ្វែង រូប៊ីអូ (Frank Rubio) បានធ្វើដំណើរឡើងទៅកាន់ស្ថានីយអវកាស ISS កាលពីខែកញ្ញា ឆ្នាំ២០២២ តាមរយៈយានអវកាសរុស្ស៉ី សូយូស អឹមអេស-២២ (Soyuz MS-22)។ ដំបូងឡើយ ពួកគេត្រូវបានកំណត់ថា នឹងត្រឡប់មកវិញតាមយានដដែល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែយានអវកាសនោះ បានជួបបញ្ហាលេចធ្លាយ កាលពីពាក់កណ្តាលខែធ្នូ ក្រោយប៉ះទង្គិចជាមួយកម្ទេចថ្មអវកាសដ៏តូចមួយ។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសក្នុងសប្តាហ៍នេះរបស់ ទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូសម៉ូស (Roscosmos) អវកាសយានិករុស្ស៉ី-អាមេរិកទាំង៣នាក់ នឹងត្រូវចុះមកផ្ទៃផែនដីវិញតាមរយៈយាន Soyuz MS-23 នៅក្នុងខែកញ្ញា ឆ្នាំនេះ ពោលគឺបេសកកម្មដើមរបស់ពួកគេ ត្រូវបានបន្ថែមពេលវេលា៦ខែទៀត។ ទីភ្នាក់ងារព័ត៌មាន TASS បានអះអាងថា យាន Soyuz MS-23 ផ្ទុកនូវទំនិញទម្ងន់ប្រហែល៤៣០គីឡូក្រាម ដែលរួមមានសម្ភារផ្គត់ផ្គង់ផ្សេងៗ៕