(កៀវ)៖ ធនាគារកណ្តាលនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ចេញក្រដាសប្រាក់២០រីវញៀ (hryvnia) គំរូថ្មី សម្រាប់ឱកាសគម្រប់ខួបមួយឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅលើក្រដាសប្រាក់អ៊ុយក្រែនគំរូថ្មីនោះ គឺម្ខាងមានបង្ហាញរូបភាពទាហាន៣នាក់ រួមគ្នាលើកទង់ជាតិរបស់អ៊ុយក្រែន ខណៈនៅចំហៀងម្ខាងទៀត គឺរួមមាន​រូបភាពដៃពីរត្រូវបានចងដោយស្កុត ដែលហាក់ចំសំដៅលើការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ដែលទីក្រុងកៀវបានចោទប្រកាន់ទៅលើកងកម្លាំងរុស្ស៉ី ប៉ុន្តែទីក្រុងមូស្គូបានចេញមុខបដិសេធ។ នៅថ្ងៃសុក្រនេះគឺត្រូវជាខួបរយៈពេល១ឆ្នាំគត់ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក ធនាគារកណ្តាលអ៊ុយក្រែន បានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីទប់កុំឱ្យសេដ្ឋកិច្ចលិចលង់ ហើយរក្សាស្ថិរភាព។

គួរបញ្ជាក់ថា បើតាមលោក អាន់ឌ្រី ពីស្នី (Andriy Pyshniy) អគ្គទេសាភិបាលធនាគារកណ្តាលអ៊ុយក្រែន ក្រដាសប្រាក់២០រីវញៀគំរូថ្មីខាងលើ នឹងត្រូវដាក់​ឱ្យធ្វើចរាចរណ៍ ក្នុងចំនួន៣០០,០០០សន្លឹក។ ក្រុមមន្រ្តីធនាគារកណ្តាលអ៊ុយក្រែន បានប្រាប់ថា ធនាគារបានចំណាយពេលប្រហែលជា៨ខែ ដើម្បីរចនានិងបោះពុម្ព​​ក្រដាសប្រាក់នេះ ហើយធនាគារក៏គ្រោងរចនានិងផលិតក្រដាសប្រាក់គំរូថ្មីៗទៀត ដើម្បីផ្តល់នូវកំណត់ហេតុនៃទិដ្ឋភាពសង្រ្គាមផងដែរ៕