(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសមួយចំនួនដូចជាឥណ្ឌា និងអាហ្វ្រិកខាងត្បូង ដែលមិនបានចូលរួមជាមួយលោកខាងលិចក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះ ទំនងជាស្ថិតនៅលើផ្លូវងាកចេញពីការចុះសម្រុងជាមួយទីក្រុងមូស្គូ រួចផ្តាច់ខ្លួនចេញតែម្តង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Atlantic ចំខួបមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន លោក ប្លីនខិន បានគូសបញ្ជាក់ថា «ប្រទេសដែលមានទំនាក់ទំនងយូរអង្វែង រាប់ទស្សវត្សជាមួយរុស្ស៊ី ជាមួយសហភាពសូវៀតពីមុន កំពុងតែប្រឈមនឹងការបំបែកចេញតែម្តង។ តួយ៉ាង ឥណ្ឌាដែលជាច្រើនទសវត្សរ៍មកនេះមានរុស្ស៊ីជាស្នូលនៃការផ្តល់ឧបករណ៍យោធា និងវិស័យការពារជាតិរបស់ខ្លួននោះ ប៉ុន្តែអ្វីដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពួកគេកំពុងឃ្លាតឆ្ងាយពីការពឹងផ្អែកលើរុស្ស៊ី ហើយឈានទៅរកភាពជាដៃគូជាមួយយើង និងប្រទេសដទៃទៀត»

សម្រាប់អាហ្រ្វិកខាងត្បូងវិញ ចាប់តាំងពីគណបក្សសមាជជាតិអាហ្រ្វិក ដែលបានគ្រប់គ្រងប្រទេសក្រោយរបបគ្រប់គ្រងជនជាតិភាគតិចស្បែកសបានបញ្ចប់នៅឆ្នាំ១៩៩៤ គឺមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយអតីតសហភាពសូវៀត ដោយបានបណ្តុះបណ្តាល និងគាំទ្រសកម្មជនប្រឆាំងការរើសអើងក្នុងអំឡុងសង្រ្គាមត្រជាក់។ ប៉ុន្តែបន្ទាប់មេដឹកនាំអាហ្រ្វិក លោក ណេលសុ មេនដាឡា (Nelson Mandela) វីរបុរសប្រឆាំងការរើសអើងជាតិសាសន៍ និងជានិមិត្តរូបរបស់ពិភពលោក បានស្លាប់ក្នុងឆ្នាំ២០១៣ របបនោះបានផ្លាស់ប្តូរ នោះជាហេតុផលដែល លោក ប្លីនខិន បានកត់សម្គាល់ថា ទំនាក់ទំនងរបស់អាហ្វ្រិកខាងត្បូងជាមួយរុស្ស៊ី អាចនឹងត្រូវបានលុបចោល៕