(បែរឡាំង)៖ ទស្សនាវដ្តីដឺ ស្ពីហ្គែល (Der Spiegel) របស់អាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៊ីកំពុងពិភាក្សាជាមួយក្រុមហ៊ុនចិនអំពីការទិញយន្តហោះដ្រូនចំនួន ១០០គ្រឿង ជាមួយនិងការកំណត់កាលបរិច្ឆេទចែកចាយនៅក្នុងខែមេសា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ដោយមិនបញ្ជាក់ប្រភព ទស្សនាវដ្តី Der Spiegel បានសរសេរថា ក្រុមហ៊ុនផលិតយន្តហោះដ្រូនរបស់ចិន សៀន ពីនកូ អ៉ីនធឺលីជេន អាវេតសិន ធិចណូឡូជី (Xian Bingo Intelligent Aviation Technology) កំពុងរៀបចំដើម្បីបង្កើតគំរូយន្តហោះដ្រូន ZT-180 ចំនួន ១០០គ្រឿង ដែលអាចផ្ទុកក្បាលគ្រាប់ទម្ងន់ពី ៣៥ទៅ៥០គីឡូក្រាម។ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងយន្តហោះដ្រូន Shaheed-136 របស់អ៉ីរ៉ង់ ដែលត្រូវបានរាយការណ៍ថារុស្ស៊ីយកទៅប្រើនៅអ៊ុយក្រែន។

ទស្សនាវដ្តី Der Spiegel បានបន្ថែមថា ក្រុមហ៊ុន Bingo ក៏មានគម្រោងជួយបង្កើតកន្លែងផលិតយន្តហោះដ្រូនក្នុងប្រទេសរុស្ស៊ី ដែលអាចផលិតបានរហូតដល់ ១០០គ្រឿង ក្នុងមួយខែ។ យ៉ាងនេះក្តី ក្រុមហ៊ុម Bingo មិន​អាច​ទាក់ទង​សុំកាអត្ថាធិប្បាយ​បានទេជុំវិញរបាយការណ៍នេះ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានព្រមានចិន កុំឲ្យលក់អាវុធទៅឲ្យរុស្ស៊ីសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន ដោយនិយាយថាសកម្មភាពបែបនេះនឹងនាំផលវិបាកធ្ងន់ធ្ងរ៕