(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា លោកនៅមិនទាន់ឃើញមានផែនការរបស់ចិនណាមួយ សម្រាប់ជួយជំរុញឲ្យបញ្ចប់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែននៅឡើយទេ ប៉ុន្តែលោកស្វាគមន៍ចំពោះការពិភាក្សាជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងសប្តាហ៍នេះ ចិនបាននិយាយថានឹងកំណត់គោលជំហររបស់ខ្លួនលើការដោះស្រាយជម្លោះអ៊ុយក្រែន តាមរយៈនយោបាយការទូតដែលមានលក្ខណៈគិតគូរពីបញ្ហាបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខ។ នៅពេលត្រូវបានចោទសួរអំពីលទ្ធភាពជួបជាមួយ លោក ស៉ី ជិនពីង ប្រធានាធិបតីចិន លោក ហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងកៀវ យ៉ាងដូចច្នេះថា «យើងចង់ជួបជាមួយភាគីចិន»

ថ្លែងរួមគ្នាជាមួយនាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​ លោក ប៉េដ្រូ សាន់ឆេស (Pedro Sanchez) លោក ហ្សេលេនស្គី បានបន្ថែមថា «វាគឺ​ជា​អ្វីដែលអ៊ុយក្រែន​ចង់បាន នៅ​ថ្ងៃ​នេះ។ យើងបានឮតែជាទូទៅអំពីសំណើរបស់ចិន តាមរយៈអ្នកការទូតអ៊ុយក្រែន ប៉ុន្តែវាគ្រាន់តែជាការលើកទឹកចិត្តប៉ុណ្ណោះដែលថាប្រទេសចិនកំពុងពិចារណាលើការបង្រួបបង្រួមសន្តិភាពនោះ។ ប្រទេសកាន់តែច្រើន ជាពិសេសសង្គមនៃប្រទេសធំៗ អ្នកមានឥទ្ធិពល កំពុងគិតពីរបៀបបញ្ចប់សង្រ្គាម គោរពអធិបតេយ្យភាពរបស់យើង ដោយត្រឹមតែប្រើពាក្យថា វានឹងកើតឡើងឆាប់ៗប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាមកាសែត Wall Street Journal នៅសប្តាហ៍នេះ លោក ស៉ី នឹងជួបលោក វ្ល៉ាឌីមៀ ពូទីន នៅប៉ុន្មានខែខាងមុខនេះ ហើយបានគេរំពឹងថានឹងថ្លែង «សុន្ទរកថាសន្តិភាព» នៅថ្ងៃខួបនៃការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ៕