(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថាសំណួរដែលសួរថាតើត្រូវផ្ដល់យន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ដែរឬក៏យ៉ាងណា គឺមិនមានហេតុផល ត្រឹមត្រូវឡើយក្នុងពេលបច្ចុប្បន្ន នៅចំពោះមុខការទទូចស្នើសុំពីទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ការកត់សម្គាល់បែបនេះរបស់លោក អូឡាហ្វ សូលស៍ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅបែរឡាំង) ខណៈ សង្រ្គាមនៅអ៊ុយក្រែនឈានចូលគម្រប់ខួបមួយឆ្នាំនៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះ។ ថ្លែងនាឱកាសនោះ អធិការបតីអាល្លឺម៉ង់រូបនេះបានបន្ថែមទៀតថាផលលំបាករបស់បណ្ដា ប្រទេស ក្នុងការបំពេញតាមតម្រូវរបស់អ៊ុយក្រែន បានបង្ហាញពីការសម្រេចចិត្តរបស់លោកនៅក្នុងការធ្វើសកម្មភាពរួមគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសទាំងនោះ។ លោក សូលស៍ បានគូសបញ្ជាក់ដូច្នេះថា «នេះអាចបញ្ជាក់បានថាតើហេតុអ្វីបានជាវាជារឿងសំខាន់ដើម្បីធ្វើការសម្របសម្រួលគ្នាទៅវិញទៅមក ជាឧទាហរណ៍ជាមួយសហរដ្ឋអាមេរិក និងដើម្បីត្រៀមការសម្រេចចិត្តទាំងនេះដោយប្រុងប្រយ័ត្ន ដើម្បីឱ្យវាដំណើរការ»។ លោក សូលស៍ នៅតែបង្ហាញពីក្ដីព្រួយបារម្ភខា្លចក្រែងសង្រ្គាមអ៊ុយក្រែនកាន់តែអូសបន្លាយ រយៈពេលវែង តែលោកផ្ទាល់បានអះអាងថា អាល្លឺម៉ង់នឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ដរាបណាទីក្រុងកៀវនៅតែត្រូវការ។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈកន្លងទៅនេះ អាល្លឺម៉ង់បានយល់ព្រមផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ និងអនុញ្ញាតឱ្យបណ្ដាប្រទេសដទៃដែលមានប្រើរថក្រោះរបស់ខ្លួន អាចបញ្ជូន បន្តឱ្យអ៊ុយក្រែនផងដែរ។ ប៉ុន្តែ ការបញ្ជូនរថក្រោះមានភាពយឺតយ៉ាវ ពីព្រោះការផ្គត់ផ្គង់មានដែនកំណត់ ណាមួយទាហានអ៊ុយក្រែនត្រូវចំណាយពេលទទួលការបណ្ដុះបណ្ដាល ពីរបៀបប្រើប្រាស់រថក្រោះលោកខាងលិច មុននឹងអាចយកទៅប្រើក្នុងសមរភូមិសង្រ្គាម។ ទន្ទឹមគ្នានោះដែរ អ៊ុយក្រែនក៏បានទទូចស្នើសុំយន្ដហោះចម្បាំងពីលោកខាងលិចដែរ ក្នុងនោះជាពិសេសយន្ដហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក៕