(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានរាយការណ៍ថាទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រចំនួន ៤គ្រាប់ កំលុងការធ្វើសមយុទ្ធយោធាមួយដែល ធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពដឹកនាំការវាយប្រហារបកដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសត្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការធ្វើសមយុទ្ធយោធាខាងលើធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈដោយមានការចូលរួមពីកងអង្គភាពមីស៊ីលគ្រូសយុទ្ធសាស្ត្រនៃកងទ័ព ប្រជាជនកូរ៉េ ជាមួយការបាញ់សាកល្បងមីស៊ីលគ្រូសវ៉ាសាល់ ២ (Hwasal-2) ចំនួន៤គ្រាប់ ចេញពីទីក្រុង គីម ឆេក (Kim Chaek City) នៃខេត្តហាំជីយ៉ុងខាងជើង (North Hamgyong Province) ឆ្ពោះទៅកាន់សមុទ្រនៃតំបន់ឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ។ KCNA បន្ថែមថាមីស៊ីលគ្រូសទាំង៤គ្រាប់នេះ បានវាយប្រហារចំគោលដៅដែលបានកំណត់ ដែលនេះបង្ហាញពីសមត្ថភាព នៃកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងការដឹកនាំការវាយបកដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងកងកម្លាំងរបស់សត្រូវ។
គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលខាងលើមិនត្រូវបានប្រកាសដោយកូរ៉េខាងត្បូង និងជប៉ុននោះទេ ដែលទាំង២នេះតែងតែរាយការណ៍ជារឿយៗពីការធ្វើតេស្ដមីស៊ីលពីសំណាក់កូរ៉េខាងជើង ស្របពេលមានការព្រមានថាទីក្រុងព្យុងយ៉ាងអាចធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ នៅក្នុងឆ្នាំ២០២៣នេះ៕