(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតក្នុងសំឡេងគាំទ្រភ្លូកទឹកភ្លូកដី លើដំណោះស្រាយមួយដែលអំពាវនាវឱ្យរុស្ស៉ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែន និងបិទបញ្ចប់សង្រ្គាមដែលបានឈានចូលគម្រប់ខួបមួយឆ្នាំនៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ដំណោះស្រាយខាងលើត្រូវបានអនុម័តឡើងក្នុងសំឡេងគាំទ្រពីប្រទេសចំនួន ១៤១ ខណៈ៣២ប្រទេសបានអនុបវាទ និង ៦ប្រទេសផ្សេងទៀតរួមមាន បេឡារុស កូរ៉េខាងជើង អេរីត្រេ ម៉ាលី នីការ៉ាហ្កា និងស៉ីរី បានចូលរួមជាមួយរុស្ស៉ីបោះឆ្នោតជំទាស់។ ដំណោះស្រាយដដែល ក៏បានថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផងដែរ ហើយបានអះអាងឡើងវិញជាថ្មីពីឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាជំរុញឱ្យមានកិច្ចចរចាស្វែងរកសន្តិភាពដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសន្តិភាព និងសន្តិសុខសកលលោក។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីសម្រុកចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមស្លាកប្រតិបត្តិការយោធាពិសេស។ កាលពី ការបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែតុលា ឆ្នាំ២០២២ ប្រទេសចំនួន១៤៣ បានបោះឆ្នោតគាំទ្រដំណោះស្រាយថ្កោលទោសរុស្ស៉ីសម្រាប់ការកាត់យកទឹកដីអ៊ុយក្រែន ចំនួន៤តំបន់ដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន ហើយប្រទេសចំនួន៣៥ បានអនុបវាទ និង៥ប្រទេសក្នុងនោះរួមមានទាំងរុស្ស៉ីបានបោះឆ្នោតជំទាស់៕